សារុង គឺជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលមនុស្សខ្មែរទូទៅបានស្គាល់យ៉ាងច្បាស់ ។ ក៏ប៉ុន្តែគេពុំបានដឹងថា តើខ្មែរយើងនិយមស្លៀកសារុងចាប់តាំងពីសម័យណាពិតប្រាកដនៅឡើយទេ ។
លោកបណ្ឌិតមីសែលត្រាណេ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងកំណាយនៅស្ថានីយបុរេប្រត្តិសាស្ត្រ យើងបានរកឃើញចម្លាក់មនុស្សស្លៀកសារុងធ្វើពីសំរឹទ្ធិតាំងពីមុនការហូរចូលទំនៀមទំលាប់ឥណ្ឌាមកម្ល៉េះ ។
ខ្មែរយើងដែលស្ថិតក្នុងអម្បូរ-មន-ខ្មែរបាននិយមស្លៀកសារុងតាំងពីសម័យលោហធាតុសំរឹទ្ធិរវាង ១៨០០ឆ្នាំ មុនគ្រិស្តសករាជ ។ ការនិយមប្រើសារុងរបសខ្មែរ នាសម័យដំបូងនេះគឺជាសារុងត្បាញអំបោះដែលរហូតមកដល់បច្ចុប្បន្នគ្មានការផ្លាស់ប្ដូរអ្វីអំពីវត្ថុធាតុដើមនៃផលិតផលនេះជាដុំកំភួនប៉ុន្មានឡើយ ។ លោកត្រាណេបានបន្តថា សារុងដែលជាសំពត់ប្រើសម្រាប់បំពាក់រុំជុំវិញផ្នែកខាងក្រោមដងខ្លួនដើម្បីបិទបាំងកេរ្តិ៍ខ្មាសនេះគឺជាការបង្ហាញនូវលក្ខណៈពិសេសនៃ ខឿនវប្បធម៌ខ្មែរ-មន និងដោយឡែកលក្ខណៈវប្បធម៌ខ្មែរផ្ទាល់តែម្ដង ដែលរស់នៅតាមវាលទំនាប ។ កាន់តែច្បាស់ថែមទៀតនោះគឺការប្រើប្រាស់សារុងរបស់ ខ្មែរមានចំណាស់ខាងវប្បធម៌ អារ្យធម៌រាប់ពាន់ឆ្នាំមកហើយ ។
ប្រពៃណីប្រើសារុងនេះបានចាក់ឫសកែវយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ដូចជាការផលិតឬការត្បាញសារុងអំបោះសារុងសូត្រសម្រាប់ចងដៃពេលរៀប អាពាហ៍ពិពាហ៍របស់កូនក្រមុំ-កំលោះជាដើម ។ ដូច្នេះហើយសារុងបានបំពេញតួនាទីនៅក្នុងសង្គមខ្មែរដ៏សំខាន់ ។ ព្រោះសារុងបានបញ្ជាក់ពីអត្តសញ្ញាណនៃ មនុស្សខ្មែរ មិនថាខ្មែររស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ឬ ក្នុងអតីតនរគភ្នំនោះឡើយ ។
លោកបណ្ឌិតមីសែលត្រាណេ បានអធិប្បាយឲ្យដឹងបន្ថែមទៀតថា តាមប្រភពឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថា ទោះបីវប្បធម៌ឥណ្ឌាបានហូរចូលមកក្នុង ចក្រភពនរគភ្នំដែលដើមឡើយគឺជា នរគគោកធ្លកនាសតវត្សរ៍ទី១យ៉ាងណាក៏ដោយ ក៏ខ្មែរយើងនៅតែស្លៀកសារុងដដែល ។ក្រៅពីរឿងនិទានពាក់ព័ន្ធអំពីការស្លៀកសារុង ដែលបានកត់ត្រាដោយប្រវត្តិវិទូចិននាពេលកន្លងមក គេបានរកឃើញចម្លាក់បុរាណដែលមានរូបស្ត្រីខ្មែរស្លៀក សារុងនៅអតីតកំពង់ផែអូរកែវកម្ពុជាក្រោមដូចគ្នាផងដែរ ។
ក្រៅពីនេះនៅមានចម្លាក់បុរាណជាច្រើនក៏បានបង្ហាញនូវការនិយមស្លៀកសារុងរបស់ស្ត្រីខ្មែរ ដូចជានៅប្រាសាទសម្បូរព្រៃគុហ៍នាសតវត្សរ៍ទី៦-៧ និងនៅ ប្រាសាទបាយ័នជាដើម ។ ការនិយមប្រើសារុងក៏បានក្លាយជាប្រពៃណីរបស់ខ្មែរយើងរហូតមកដល់សព្វថ្ងៃនេះទៀត ដែលសូម្បីតែជនជាតិខ្មែរ ដែលរស់នៅ តាមបែបជាកុលសម្ព័ន្ធក៏ពួកគេនិយមសារុងនេះផងដែរ ។ ខឿនវប្បធម៌រួមរវាងខ្មែរវាលទំនាបនិងខ្មែរលើនេះបានបង្ហាញច្បាស់ថា ជាអម្បូរមន-ខ្មែរ ឬខ្មែរ-មនតែមួយដូចគ្នា ៕
សារុង : កេរដំណែលរាប់ពាន់ឆ្នាំនៃវប្បធម៌ខ្មែរ-មន
Posted by nearykhmer at 6:05 PM
Labels: Culture and Tradition
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment