Search

ប្រវត្តិ​ស្រ្តី​ដែល​ធ្លាក់​ខ្លួន​ប្រកបរបរ​ផ្លូវ​ភេទ

(អត្ថបទរបស់វិទ្យុអាស៊ីសេរី)

ស្រ្តី​វ័យ​ក្មេងៗ​មួយចំនួន​បាន​ប្រកប​របររ​កស៊ី​ផ្លូវភេទ​ដោយសារ​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​ឪពុក​ម្តាយ​ចាស់​ជរា ហើយ​ស្ត្រី​ខ្លះ​ទៀត​មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​គេច​បាន។

ស្រី​ណា មាន​រាង​តូច​ច្រឡឹង កម្ពស់​ប្រហែល​ជា​១,៦០​ម៉ែត្រ សម្បុរ​ស្រអែម អាយុ​១៩​ឆ្នាំ ក្នុង​សម្លៀក​បំពាក់​ចាស់ៗ កំពុង​ឈរ​ផង​អង្គុយ​ផង​នៅ​ក្នុង​របង​វត្ត​ភ្នំ ដោយ​ភ្នែក​សម្លឹង​ទៅ​រក​មនុស្ស​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


នៅ​ពេល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សាកសួរ​ពី​ប្រវត្តិ​របស់​នាង នាង​ស្រក់​ទឹក​ភ្នែក និយាយ​ស្ទើរ​មិន​ចេញ​ថា​នាង​មិន​ចង់​លក់​ខ្លួន​ទេ។

ស្រី​ណា បាន​លើក​យក​ប្រវត្តិ​របស់​នាង​មក​បរិយាយ​ថា ម្តាយ​បង្កើត​របស់​នាង​បាន​ស្លាប់​តាំង​ពី​នាង​នៅ​តូចៗ​មក​ម៉្លេះ បន្ទាប់​មក​ឪពុក​របស់​នាង​ក៏​បាន​យក​ប្រពន្ធ​ចុង​មួយ​ទៀត។ នាង​ត្រូវ​ម្តាយ​ចុង​វាយ​ធ្វើ​បាប​ស្ទើរ​រាល់​ថ្ងៃ ដោយ​ប្រមាថ​ថា ពួក​បង​ប្អូន​នាង​ទាំង​បី​នាក់​មិន​ចេះ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

ស្រី​ណា បាន​ឲ្យ​ដឹង​ថា ៖ «ដល់​កូន​ខាង​ឪ​ខ្ញុំ​គាត់​ធ្វើ​អាក្រក់ គាត់​ធ្វើ​បាប គាត់​វ៉ៃ»។



សោភ័ណ ៖ មូល​ហេតុ​អី​បាន​វ៉ៃ? ស្រី​ណា ៖ ដឹង​អី​គាត់។ ជួន​ណា​ច្របាច់​ក វ៉ៃ​ដំ យក​ជើង​ធាក់​ខ្នង ធាក់​អី។

ស្រី​ណា បាន​ឲ្យ​ដឹង​ថា ពេល​នាង​អាយុ​១៨​ឆ្នាំ​ត្រូវ​ម្តាយ​ចុង​បញ្ជូន​នាង​ឲ្យ​មក​ធ្វើការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នក​រាប់​ពង​ទា​នៅ​ក្នុង​គ្រួសារ​មួយ។ នាង​ថា នាង​ធ្វើការ​នៅ​ទី​នោះ​មិន​ដឹង​ជា​បាន​ប្រាក់​ខែ​ប៉ុន្មាន​ទេ ព្រោះ​ប្រាក់​ខែ​របស់​នាង​ត្រូវ​ម្តាយ​ចុង​មក​បើក​យក​អស់​រាល់​ខែ។

ស្រី​ណា បាន​និយាយ​ថា ៖ «កាល​ហ្នុង​ខ្ញុំ​នៅ​ធ្វើ​ស្រែ​ទេ ប៉ុន្តែ​គាត់​បង្ខំ​ឲ្យ​ខ្ញុំ​ចេញ​មក​ធ្វើការ​នៅ​ភ្នំពេញ។ ខ្ញុំ​ខ្ជិល​ធ្វើការ គាត់​យក​លុយ​ទៅ​អស់​ពេក។ គាត់​មក​បើក​លុយ គាត់​អត់​មាន​ប្រាប់​ខ្ញុំ​ផង»។

ស្រី​ណា បន្ត​ថា ប្រហែល​ជា​៦​ខែ​ក្រោយ​ប្អូន​ស្រី​របស់​នាង​ក៏​ត្រូវ​ម្តាយ​ចុង​បញ្ជូន​ឲ្យ​មក​ធ្វើការ​ក្នុង​ផ្ទះ​រាប់​ពង​ទា​ជាមួយ​នាង​ដែរ ដោយ​ពួក​គេ​ទាំង​ពីរ​នាក់​មិន​ដែល​មាន​លុយ​នៅ​ក្នុង​ហោប៉ៅ​ទេ គឺ​ម្តាយ​ចុង​របស់​ពួក​គេ​មក​បើក​យក​រាល់​ខែ។

ស្រី​ណា និយាយ​ថា ប្រមាណ​បី​ខែ​ក្រោយ​មក​រូប​នាង​និង​ប្អូន​ស្រី​អាយុ​១៧​ឆ្នាំ ខឹង​នឹង​ម្តាយ​ចុង​ពេក ក៏​នាំ​គ្នា​រត់​ចេញ​ពី​ផ្ទះ​រាប់​ពង​ទា​នោះ។ ក្នុង​ពេល​នោះ​ដែរ​មាន​បុរស​ម្នាក់​ស្រឡាញ់​ប្អូន​ស្រី​របស់​នាង​បបួល​ពួក​នាង​ទៅ​ធ្វើការ​ជា​សន្តិសុខ​ជាមួយ ពួក​នាង​ក៏​យល់​ព្រម។

ស្រី​ពៅ អាយុ​១៧​ឆ្នាំ មាន​រូបរាង​ប្រហាក់​ប្រហែល​នឹង​ស្រី​ណា​ដែរ បាន​រៀបរាប់​ថា ពីរ​ខែ​ក្រោយ​មក​ពួក​នាង​ក៏​នាំ​គ្នា​ទៅ​លេង​ម្តាយ​មីង​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់​រយៈពេល​ពីរ​ថ្ងៃ ក៏​ត្រឡប់​មក​ធ្វើការ​វិញ ស្រាប់តែ​ប្រធាន​សន្តិសុខ​តម្រូវ​ឲ្យ​ពួក​នាង​បង់​លុយ​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​ដើម្បី​បាន​ធ្វើការ​វិញ។ ពួក​នាង​អត់​មាន​លុយ​គ្រប់​សម្រាប់​បង់​ឲ្យ​គេ​ទេ ព្រោះ​លុយ​ដែល​បើក​ត្រូវ​ជូន​ម្តាយ​មីង​ខ្លះ​ហើយ​ចាយ​វាយ​ក្នុង​ការ​ធ្វើ​ដំណើរ គឺ​សល់​តែ​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

ស្រី​ពៅ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​សុំ​ទៅ​លេង​ផ្ទះ ហើយ​ខ្ញុំ​ដាក់​ក្រដាស​ច្បាប់​ទៅ ក៏​ខាង​ក្រុមហ៊ុន​អត់​បាន​ស៊ីញ៉េ​ឲ្យ ខ្ញុំ​ទៅ​បាត់​ហើយ។ ពេល​ខ្ញុំ​តេ​ទៅ​ផ្ទះ​សុំ​លុយ​មីង​ខ្ញុំ ដាក់​ឲ្យ​ខ្ញុំ​មក ខ្ញុំ​បង់​ចូល​ធ្វើ​ម្ដង​ទៀត គាត់​អត់​ឲ្យ​ទេ»។

ស្រី​ពៅ និយាយ​ថា ដោយសារ​នាង​ត្រូវការ​លុយ​ដើម្បី​ទិញ​បាយ​ហូប នៅ​ពេល​ឮ​ស្ត្រី​ខ្លះ​ដែល​នាង​ស្គាល់​ប្រាប់​ថា ឲ្យ​នាង​មក​រកស៊ី​លក់​ខ្លួន​នៅ​ម្តុំ​វត្ត​ភ្នំ​ទៅ​ពិត​ជា​មាន​លុយ​ទិញ​បាយ​ហូប​ហើយ ឮ​បែប​នេះ​ពួក​នាង​ក៏​នាំ​គ្នា​យួរ​ថង់​ខោ​អាវ​ដែល​មាន​ពីរ​កំប្លេ​សម្រាប់​ប្រើ​នោះ​មក​នៅ​វត្ត​ភ្នំ។

ស្រី​ពៅ បាន​បញ្ជាក់​ថា ៖ «ពេល​ខ្ញុំ​អត់​មាន​លុយ​មាន​អី ហើយ​មាន​គេ​រុញ​ច្រាន​ខ្ញុំ​ថា បើ​ជ្រុល​តែ​ខ្ញុំ​ខូច​ខ្លួន​ហើយ ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ស្រី​ខូច​តាម​វត្ត​ភ្នំ​តែម្ដ​ងទៅ។ គេ​រុញ​ច្រាន​ខ្ញុំ​ច្រើន​ពេក ដោយ​ការ​សម្រេច​ចិត្ត​ខ្លី​របស់​ខ្ញុំ សម្រេច​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​ទៀត»។

ស្រី​ណា បាន​ឲ្យ​ដឹង​ថា ពួក​នាង​បាន​នាំ​គ្នា​មក​លក់​ខ្លួន​រយៈពេល​៦​ខែ​មក​ហើយ ហើយ​ពួក​នាង​រស់​នៅ​ក្នុង​វត្ត​ភ្នំ​នេះ ប៉ុន្តែ​ដោយសារ​នៅ​វត្ត​ភ្នំ​នេះ​មាន​អ្នក​គ្រប់គ្រង គេ​មិន​អនុញ្ញាត​ឲ្យ​ដេក​នៅ​ទី​នេះ​ទេ តែ​ពួក​នាង​នៅតែ​លួច​ដេក​នៅ​ទី​នេះ​ពេល​ថ្ងៃ ហើយ​ពេល​យប់​គឺ​ត្រូវ​អង្គុយ​ចាំ​ភ្ញៀវ​ហៅ​ទៅ​គេង​រហូត​ទល់​ភ្លឺ។

ស្រី​ណា បាន​និយាយ​ថា ៖ «អត់​ដែល​គេង​ផង​យប់​ឡើង ពេល​ថ្ងៃ​អត់ នៅ​លេង​វត្ត​ភ្នំ អត់​មាន​ផ្ទះ។ ពេល​មាន​លុយ​ខ្ញុំ​ទៅ​ដេក​ប៉ៅអ៊ី​នៅ​ផ្សារ​ថ្មី​អ៊ីចឹង​ទៅ ១​យប់​គេ​យក​៣​០០០​រៀល។ ពេល​អត់​ខ្ញុំ​ទ្រាំ​អង្គុយ​ទាល់​ភ្លឺ​ទៅ ទ្រាំ​រហូត​ដល់​ថ្ងៃ​ណា​ខ្ញុំ​មាន​លុយ ជួនកាល​ឆ្លៀត​ងោក​ខ្លះៗ​អ៊ីចឹង​ទៅ។ ទ្រាំ​ទាល់តែ​ថ្ងៃ​មាន​លុយ​ទើប​ខ្ញុំ​ទៅ​ជួល​ប៉ៅអ៊ី​ដេក​ដែរ ពេល​ខ្ញុំ​អត់​លុយ​ខ្ញុំ​សុខ​ចិត្ត​ទ្រាំ ព្រោះ​នៅ​ក្នុង​វត្ត​ភ្នំ គេ​អត់​ឲ្យ​យើង​ដេក​បាន​ទេ វា​ជា​បញ្ជា​ថ្នាក់​លើ​មក គេ​អត់​ឲ្យ​យើង​ដេក​រហេត​រហូត​អ៊ីចឹង​ទេ»។

ពួក​នាង​និយាយ​ថា ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ប្រកប​មុខ​របរ​នេះ ព្រោះ​ជួនកាល​ភ្ញៀវ​បាន​ហៅ​នាង​ទៅ​ឲ្យ​តម្លៃ​១០​ដុល្លារ​ក្នុង​មួយ​យប់ ប៉ុន្តែ​គេ​ឲ្យ​តែ​៥​ដុល្លារ​ក៏​មាន ជួនកាល​អត់​ឲ្យ​លុយ​ក៏​មាន មិន​តែ​ប៉ុណ្ណោះ​ជួនកាល​ពួក​នាង​ត្រូវ​ក្រុម​ប្រុសៗ​៥​នាក់​ទៅ​៧​នាក់​ចាប់​បង្ខំ​ឲ្យ​នាង​គេង​ជាមួយ​ពួក​គេ ៖ «គេ​ធ្វើ​បាប​៧​នាក់ នៅ​ខាង​ត្រើយ​ម្ខាង​ក្បែរ​ច្បារ​អំពៅ។ គេ​ធ្វើ​បាន​សម្រេច​ទាំងអស់ ព្រោះ​គ្នា​គេ​ច្រើន​ពេក ខ្ញុំ​មិន​ដឹង​រត់​ទៅ​ចន្លោះ​ណា​ទេ ព្រោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​គេ។ ភ្ញៀវ​ខ្លះ​ទៀត​ទៅ​ឲ្យ​តម្លៃ​ថ្លៃ ប៉ុន្តែ​អត់​ចង់​ពាក់​ស្រោម​ពេល​រួមភេទ​ទេ គាត់​ថា​មិន​ស្និទ្ធ។ ពេល​ខ្លះ​ទៅ​ដល់​ផ្ទះ​សំណាក់ គាត់​ធ្វើការ​រួមភេទ​អ៊ីចឹង​ទៅ ហើយ​បាន​ពាក់​កណ្ដាល គាត់​ដក​ស្រោម​ហ្នឹង​ចេញ ក៏​អត់​បាន​ដឹង​ដែរ ជួនកាល​មាន​អ៊ីចឹង»។

សូម​ជម្រាប​ថា លោក ទា ផល្លា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​មាន​ការ​កើនឡើង​ជា​លំដាប់។ កាល​ពី​ឆ្នាំ​២០០៧ អ្នក​រកស៊ី​ផ្លូវ​ភេទ​មាន​ចំនួន​១១.០០០​នាក់ នៅ​ឆ្នាំ​២០០៨ មាន​ចំនួន​ជិ​ត​២០.០០០​នាក់ ហើយ​នៅ​ឆ្នាំ​២០០៩ មាន​ចំនួន​ជិត​៣០.០០០​នាក់។

លោក ទា ផល្លា ក៏​បាន​បញ្ជាក់​ទៀត​ថា ស្រ្តី​ដែល​មាន​មុខ​របរ​រកស៊ី​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រព័ន្ធ​មាន​ប្រហែល​២០% ចំណែក​ឯ​ជាង​៨០%​ទៀត​មាន​នៅ​តាម​សេវា​កម្សាន្ត​សប្បាយ ដូច​ជា​ទី​សាធារណៈ ខារ៉ាអូខេ ភោជនីយដ្ឋាន កន្លែង​កាត់​សក់ កន្លែង​ម៉ាស្សា ផ្ទះ​សំណាក់ អូតែល​ជាដើម។ កំណើន​ក្រុម​អ្នក​រកស៊ី​ផ្លូវ​ភេទ​ត្រូវ​បាន​គេ​បន្ទោស​ច្រើន​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​ការ​រក​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រោយ​ពី​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក៕

(សូម​បញ្ជាក់​ថា​ឈ្មោះ​របស់​នារី​រក​ស៊ី​ផ្លូវភេទ​ទាំង​ពីរ​រូប​ខាង​លើ​នេះ គឺ​ជា​ឈ្មោះ​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ដាក់​ឲ្យ)

3 comments:

Anonymous said...

ខ្ញុំមានការបារម្មណ៏ច្រើនចំពោះអនាគតកូនស្រីៗស្រុកយើងទៅថ្ងៃក្រោយ

nearykhmer said...

នេះអាចថាមកពីសង្គមដ៏គួរឲខ្លាច!​​អ្វីដែលគួរឲបារម្ភទៀតនោះ​គឺយុវជន​យុវនារី​សម័យថ្មីពិតជាទទួលរងឥទ្ធិពលពីសង្គមនិង​ត្រូវសង្គមអូសទាញយ៉ាងខ្លាំង​។ខ្លះមិនអាចអប់រំ​បានហើយខ្លះទៀតក៏ធ្លាក់នរកអវជ័យ។

ខ្មែរម្នាក់ said...

មែនពិតជានិយាយត្រូវ!​ក្មេងៗឥឡូវនេះពិបាកអប់រំណាស់!​ បើនិយាយពីសង្គមវិញ​គឺជាសម័យមួយដ៏គួរអោយខ្លាច​ក្មេងៗមិនចូលរៀនដើរ​ពាលាអាវាសែតាមរាំង្គសាល​​ក្លិបរាត្រី​​កន្លែង​ខារ៉ាអូខេ​ផ្សេងៗ​ជក់ថ្នាំញៀន​​ប្រព្រឹត្ត​ល្បែងស៊ីសង​ស្រីញីអូនបង​​ដើរឆក់លួចប្លន់​​គ្រប់បែបយ៉ាង។​តើពេលណា​សង្គមនេះអាចកែប្រែរូបភាពឲល្អជាងនេះ?

Copyright @2009 Neary-Khmer