Search

ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?

​(ដក​ស្រង់​ពី​CEN)


ផ្នត់គំនិត​មនុស្ស​ខ្មែរ ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត និង​ព្រលឹង វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា មានតម្លៃ គឺ​គេ​គិតថា​មាន​ជីវិត​ដែរ ដែល​ទស្សនៈ​នេះ មាន​នៅ​លទ្ធិ​ព្រលឹង​និយម ។

ការ​រចនា​ផ្ទះ​ដែល​យើង​នៅ​កំណត់​បាន​ថា ជា​របស់​ខ្មែរ គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខ​ម​លោក ។ តួនាទី​អ្នក​ម្នាង​ផ្ទះ គឺជា​ធាតុ​មួយ​ធ្វើឲ្យ​ផ្ទះ​មាន​ព្រលឹង​មានជីវិត ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឲ្យ​គង់​ផង ថែរក្សា សម្បកខ្លួន​ផង (​ផ្ទះ​) ឲ្យ​គង់ និង​សុខដុមរម្យនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ក​សិទ្ធ​ដែល​នៅក្នុង​ផ្ទះ និង​រួម​ទាំង​ផ្ទះ​ផង ត្រូវបាន​បុព្វបុរស​ខ្មែរ​កំណត់ថា មានព្រលឹង​វិញ្ញាណ​ដែលជា​អ្នក​ការពារ​ផ្ទះ និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឲ្យបាន​សេចក្តីសុខ និង​ចម្រើន​ជឿនលឿន ។


ហេតុអ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ត្រី​ជាតិ ?
- ពាក្យ​ថា​ខ្មែរ ត្រូវបាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ ។

លោក កេង វណ្ណ​ស័ក និង​លោក ឈឹម ក្រ​សេម ហាក់​យល់ស្រប​គ្នា​ថា សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វកាល
គឺជា​សង្គម​មាតា​ធិបតេយ្យ គឺ​យក​ស្ត្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​គោរព​អ្វី​ដែល​ជា​ទីពឹង និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​មេ គឺ​សំដៅ​ទៅ​ស្ត្រីភេទ ដូច​ជា​មេដៃ មេជើង និង​មេដឹកនាំ​ជាដើម ។ នេះ​ជា​ការលើកតម្កើង​ស្ត្រី ដែលមាន​ជាប់​មក​រហូត​ដល់​សព្វ​ថ្ងៃ ដែល​ខ្មែរ​នៅ​ប្រើ​ដូចជា ម្តាយ ឪពុក ជីដូន ជីតា គឺ​សុទ្ធតែ​ដាក់​ស្ត្រី​មុន​ទាំងអស់ ទោះ​ក្នុង​ការធ្វើដំណើរ ស្ត្រី​ត្រូវ​ដើរ​មុន រឺ​ប្តី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ខ្មែរ គឺ​មកពី​ផ្សំ​អក្សរ​បញ្ចូល​គ្នា និង​ពាក្យ​មួយ គឺ​អក្សរ ក + មេ ។ ព្យញ្ជនៈ ក កាលណា​មុខ​ពាក្យ​ទាំងឡាយ គឺ​ធ្វើ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថើន​ឡើង ។ ពាក្យ​ថា ក មេ មានន័យ​ថា មេ​ដ៏​អស្ចារ្យ មេ​ដ៏​រុងរឿង ។ ការហៅ​ប្រទេស​នេះ​ឈ្មោះ ក មេ រហូត​ក្លាយ​ជា​ក្មេរ ទៅ​ជា​ខ្មែរ រឺ​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ ដែល​មាន​អក្សរ ក ពីមុខ​ដូចជា : កូរ​ទឹក បើ​ថែម ក ពី​មុខ​វា​ទៅ ជាក​កូរទឹក ក​កាយ​ដី គឺ​មានន័យ​ស្ទួន ។ 

​ ​- ទាក់ទង​រវាង​ស្ត្រីជាតិ ដែលជា​អ្នក​ម្នាង​ផ្ទះ​ខ្មែរ​នោះ យើង​នៅ​មាន​អំណះអំណាង​ជាច្រើន​ទៀត ដែល​យើង​នឹង​បកស្រាយ​តាម​លំដាប់លំដោយ ដែល​មានន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ ដែល​ជនជាតិខ្មែរ​គួរតែ​ស្វែងយល់ និង​គួរ​ដឹង ។ តាម​ការស្រាវជ្រាវ របស់លោក ហ្សាក់ ណេ​ពត ដែល​ជា​ជនជាតិ​បារាំង បានបញ្ជាក់​ថា " ផ្ទះ​គឺ​ជា​កម្មសិទ្ធិ​របស់​ស្ត្រី គឺ​ខុស​គ្នា​ពី​វត្ត ជា​កម្មសិទ្ធិ​រប​ស់បុរ​ស​ភេទ គ្រាន់​តែ​វត្ត​ហាមឃាត់​ផ្នែក​ភេទ​តែប៉ុណ្ណោះ " ។ 

​ ​- ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្នក្តី​ ក្រោយពេល​រៀបការ​បុរស​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី បុរស​ត្រូវ​ដេក​នៅ​ខាងស្តាំ​ភរិយា​ខ្លួន គឺ​ក្នុងនាម​ជា​អ្នកបម្រើ រឺ​អ្នកកន្តៀត ។ នៅក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែដើម្បី​បង្កើត​កូន ។ បើ​ប្រសូត្រ​បាន​កូនប្រុស គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក បើ​គ្រួសារ​នោះ​លែងលះគ្នា គឺ​កូនប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្តាយ ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណក៏មាន ។ មិនយូ​រប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ ក្រោយពី​ពេល​ចេញ​ម្លប់​ឪពុកម្តាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុលបង្ហាញ​ដីស្រែ​ចំការ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឲ្យ​នាង​ក្រោយពេល​រៀបការ ។ នៅ​ភូមិ​គ្រួស ឃុំ​គ្រួស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សព្វថ្ងៃ​នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ គឺ​មុនពេល​រៀបការ​ភាគី​បុរស​ត្រូវ​សន្យា​ថា នឹង​សង់ផ្ទះ​ថ្មី​មួយ​ឲ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀបការ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​នោះ ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​យក​វិញ​បាន​ដែរ ។ 

​ ​- ស្ត្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅថា "​មេ​ខ្លូត​" គឺ​ស្ត្រី​ដ៏​ឧត្តុង្គឧត្តម ប្រកប​ដោយ​ឥស្សរៈភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើពាក្យ​ថា ខ្លូត ចំពោះតែ​ត្រសក់ ត្រឡាច ដែល​ត្រ​លុក​ត្រល​ន់​ល្អ​គួរ​ឲ្យ​ស្រលាញ់​ពេញចិត្ត​គ្រប់គ្នា ។ នៅក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ ពិសេស​នៅតាម​ជនបទ គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់ដូចជា​មាន​បំរាម​យ៉ាង​រឹង និង​អាថ៌កំបាំង​នោះ គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្សស្រី គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្តី ។ 

​ ​សរុបសេចក្តី​មក​អាទិភាព​នៃ​ការថែរក្សា និង​បង្កើត​សេចក្តី​សុភមង្គល ក្នុង​គេហដ្ឋាន​ខ្មែរ គឺជា​ស្ត្រីជាតិ​ដែល​យើង​ហៅថា អ្នក​ម្នាង​ផ្ទះ ។ ពាក្យ​ថា​អ្នក​ម្នាង​ផ្ទះ​គឺ​សំដៅលើ​ស្ត្រីភេទ ក្នុង​ត្រកូល​ឧត្តម រឺ​ស្តេច ។ ការ​ហៅថា ជី​នាង​ផ្ទះ រឺ​ជំនាងផ្ទះ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ រឺ​បែរជា​មាន​ន័យ​ផ្សេង​ទៅវិញ ។ ទោះ​ក្នុង​សង្គមមនុស្ស​យើង​ក្តី បើ​ហៅ​ឈ្មោះ រឺ​សរសេ​រឈ្មោះ​របស់​គេ​ខុស​ហើយ គឺ​ត្រូវ​ផ្ញើ​ទៅឲ្យ​ម្ចាស់​ឈ្មោះ​នោះ​គេ​ឃើញថា ខុស​ឈ្មោះ​គេ គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់ថា រាប់អាន​ម្តេច​កើត សូម្បី​ឈ្មោះ​គេ​ពុំ​ស្គាល់​ផង​នោះ ៕

0 comments:

Copyright @2009 Neary-Khmer