គ្រួសារ
- គ្រួសារនីមួយៗតែងតែប្រថ្នាចង់បានភាពសុខដុមរមនារៀងៗខ្លួនប៉ុន្តែសុភមង្គលក្នុងគ្រួសារមិនមែនចេះតែរកបានដោយងាយៗនោះទេ។គ្រួសារខ្លះក្រខ្សត់ តែគេបានរស់នៅជួបជុំឪពុកម្តាយនិងកូនដោយមានសុភមង្គលគ្រួសារខ្លះទៀតបែកបាក់ទាំងគ្រួសារគ្មានទាំងទ្រព្យសម្បត្តិគ្មានអ្វីៗគ្រប់យ៉ាង រីឯគ្រួសារមួយចំនួនទៀតមានមាសប្រាក់លុយឡានភូមិគ្រឹះដ៏ធំស្កឹមស្កៃមានបរិវារឆ្វេងស្តាំទាសីទាសាគ្រប់បែបយ៉ាងតែគ្មានសុភមង្គលបន្តិចសោះឡើយ។
- ពាក្យថាគ្រួសារពេញលេញគឺត្រូវមានឪពុកម្តាយនិងកូនរស់នៅជាមួយក្តីស្រលាញ់ក្តីសន្តោសប្រណីដោយចេះចែករំលែកចេះជួយគ្នាទៅវិញទៅមក។ប្តីត្រូវស្គាល់តួនាទីជាប្តី ប្រពន្ធត្រូវស្គាល់តួនាទីជាប្រពន្ធកូនត្រូវស្គាល់តួនាទីជាកូន។ សមាជិកគ្រួសារគួរចេះគោរពស្រលាញ់គ្នាទៅវិញទៅមក មិនមែនមានន័យថាប្តីត្រូវខ្លាចប្រពន្ធត្រូវខ្លាចប្តីនោះទេ។ ពាក្យថាខ្លាចគឺខុសពីពាក្យថាគោរពស្រលាញ់។ ប្តីឬប្រពន្ធត្រូវដឹងទុក្ខធុរៈគ្នាទៅវិញទៅមកត្រូវចេះស្វែងយល់ពីអារម្មណ៍គ្នាទៅវិញទៅមក។ លើសពីនេះទៀតការរក្សាភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាគឺជាប្រការសំខាន់នៃសុភមង្គល។
ប្រការគួរចៀសវាង
- សូមកុំព្យាយាមដើរទៅរកផ្លូវបែកបាក់។ ពិតមែនថាបើយើងមិនអាចនៅចុះសំរុងគ្នាគួរដើរចេញពីគ្នាតែគួរគិតដល់ជីវិតនិងអនាគតកូនៗផងថាតើអត់ពីយើងទៅ តើអោយពួកគេរស់នៅយ៉ាងដូចម្តេចកើត តើជីវិតពួកគេប្រែជាយ៉ាងណាបើឪពុកម្តាយបែកគ្នា។ មុននឹងសំរេចចិត្តថាបែកគ្នាគួររិះគិតពិចារណានិងរំលឹករាល់អនុស្សាវរីយ៍ដែលជូរចត់កម្សត់កម្រជាមួយគ្នាពីមុនមកដើម្បីផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញ។
- មិនគួរមើលងាយខាងណាមួយថាអន់ជាងខ្លួន។ ទោះប្តីឬប្រពន្ធមានថានៈបុណ្យសក្តិឬចំនេះវិជ្ជាតូចទាបជាងខ្លួនក៏ដោយមិនគួរមើលងាយមើលថោកគ្នាទៅវិញទៅមកទេ។ គួរគិតថាបើយើងសំរេចចិត្តសាងគ្រួសារជាមួយគេហើយគួរណាចេះសន្តោសប្រណីគ្នា។
- មួយវិញទៀតមិនត្រូវគិតតែពីសាច់ញាតិខ្លួនតែម្ខាងៗ(ខាងប្រុសឬខាងស្រី)។
ជាធម្មតាទេយើងរាល់គ្នាសុទ្ធតែមានបងប្អូនញាតិសន្តានដែលត្រូវជួយទំនុកបំរុងនិងបីបាច់ថែរក្សាដោយចៀសមិនផុត។យើងស្រលាញ់បងប្អូនយើងគេក៏ស្រលាញ់បងប្អូនគេតែមិនគួរយករឿងបងប្អូនមកបង្ករជារឿងឈ្លោះប្រកែកហើយក៏មិនត្រូវធ្វើជាមនុសត្រចៀកសស្តាប់ការចាក់រុកការនិន្ទារឈ្នានីសមុសា ផ្សេងៗពីអ្នកដទៃវាប្រៀបបានជាពាក្យថានាំភ្លើងចូលក្នុងផ្ទះអញ្ចឹង។ - មិនគួរយកលុយដឹកមុខយកលុយជាធំគ្រប់រឿងនោះឡើយ។ លុយវាពិតជាសំខាន់ណាស់តែវាក៏អាចបំផ្លាញសុភមង្គលក្នុងគ្រួសារបានបើយើងមិនចេះប្រើប្រាស់វាឲបានត្រឹមត្រូវឬក៏ប្រើប្រាស់វាក្នុងផ្លូវខុស។
គេនិយាយថាសាលាថាមិនងាយដូចសាលាអនុវត្តទេ។ យើងអាចនិយាយបានប៉ុណ្ណេះតែបើយើងអនុវត្តបានតែ៦០%ក៏វាជាការប្រសើរប៉ុនពេកណាស់ទៅហើយ។ អនុវត្តបានប៉ុណ្ណាក៏ដោយអោយតែយើងដឹងទុកក្នុងចិត្ត ក៏វាប្រសើរជាងធ្វើជាមនុស្សមោឃមិនដឹងអីសោះ។
មែនវាមិនប្រាកដថាបានដូចចិត្តមែនតែបើយើងព្យាយាមតាំងចិត្តធ្វើអ្វីមួយ ដោយក្តីសង្ឃឹមនិងភាពជឿជាក់នោះលទ្ធផលនឹងមិនក្លាយជាអវិជ្ជមានទាំងស្រុងនោះឡើយ។ ហើយបើយើងម្នាក់ៗតាំងចិត្តថារៀបចំគ្រួសារមួយសំរាប់ខ្លួនឯងហើយគួរណាព្យាយាមការពារគ្រួសារមួយនេះឲមានសុភមង្គល។ធ្វើជាប្តីល្អជាប្រពន្ធល្អជាសមាជិកគ្រួសារល្អ និងធ្វើជាគំរូល្អដល់កូនៗនិងអ្នកដទៃ។
ប៉ុន្មានចំនុចខាងលើនេះគ្រាន់តែជាចំនុចខ្លះៗដែលទាក់ទងនឹងសុភមង្គលគ្រួសារ។ ពិតមែនថាវាមិនទាន់បានរៀបរាប់គ្រប់ចំនុចគ្រប់ជ្រុងជ្រោយតែវាក៏ជាចំនុចសំខាន់ៗនៃជីវិតគ្រួសារ។សង្ឃឹមថាបើអ្នកសំរេចចិត្តចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់អ្នកហើយ អ្នកនឹងទទួលបានគ្រួសារល្អមួយជាគំរូដល់អ្នកផងទាំងពួងជាឪពុកល្អជាម្តាយល្អ។
ពិភាក្សាករណីមួយ៖មានស្វាមីភរិយាមួយគូមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប្តីមិនសូវមានពេលសំរាប់គ្រួសារមិនសូវមានជជែកលេង ជាមួយកូនប្រពន្ធ មិនសូវបំពេញកាតព្វកិច្ចជាប្តីមិនស្មោះត្រង់នឹងប្រពន្ធនៅពេលដែលគាត់មានពេលសំរាប់គ្រួសារ គឺប្រពន្ធមិនសូវជាសប្បាយចិត្តមិនសូវគោរពគាត់ដូច្នេះបុរសនោះគាត់ក៏ចាប់ផ្តើមរិះគន់ ពីប្រពន្ធរបស់គាត់ថាមិនព្រមធ្វើអ្វីតាមគាត់បញ្ជានិងមិនគោរពគាត់។
មានសំនួរមួយសួរថាហេតុអ្វីក៏ប្រពន្ធត្រូវស្តាប់តាមនិងធ្វើតាមបញ្ជាគាត់?
ចំលើយគឺបុរសគឺជាចៅហ្វាយនាយបរុសជាមេគ្រួសារបុរសជាអ្នកបង្គាប់បញ្ជា។
ចម្លើយខុសទាំងស្រុង!
ដើម្បីឲគេគោរពអ្នកអ្នកគួរតែគោរពស្រលាញ់គេមុនអ្នកត្រូវតែបំពេញតួនាទី ជាស្វាមីជាមេគ្រួសារនិងចេះគិតពីអារម្មណ៍របស់អ្នកដែលនៅជុំវិញខ្លួនផងទើបគ្រួសារផ្តល់ភាពកក់ក្តៅឲអ្នកវិញ។បើមិនដូច្នោះទេនេះគេមិនហៅថាគ្រួសារឡើយ។ មានករណីផ្សេងៗទៀតតែមិនអាចរៀបរាប់អស់!
សូមបញ្ជាក់ថាអត្ថបទនេះសរសេរឡើងតាមតថភាពសង្គមខ្មែរមិនមានអំណះអំណាងអ្វីច្បាស់លាស់ហើយក៏មិនមែនជាអត្ថបទរបស់អ្នកជំនាញការអ្វីមួយដែរ។ គោលបំណងក្នុងការសរសេរអត្ថបទនេះគឺគ្រាន់តែជាការចែករំលែកមតិយោបល់និងចំណេះដឹងផ្សេងៗដែលទាក់ទងនឹងជីវិតគ្រួសារក្នុងសង្គមខ្មែរទូទៅប៉ុណ្ណោះ។
អ្នកអាចបញ្ចេញមតិរិះគន់ឬការយល់ឃើញផ្សេងៗដោយសេរី។
0 comments:
Post a Comment