(អត្ថបទផ្សាយបន្តពីទំព័ររបស់លោកលឹមសុវណ្ណវិចិត្រ)
តាមរយៈអត្ថបទមួយរបស់កាសែតរស្មីកម្ពុជា ដែលមានចំនងជើងថា “ ជីវិតអាពាហ៍ពិពាហ៍: នំកំពុងពង្រីកខ្លួនឲ្យធំជាងនាទ្បិ” លោកមៀច ប៉ុណ្ណមានប្រសាសន៍ថា
- ស្នេហារបស់យុវវ័យបច្ចុប្បន្នគឺជាស្នេហាដែលកើតចេញតាមរយៈសម្បក ក្រៅតែប៉ុណ្ណោះមានន័យថា ពួកគេមើលគ្នាតែសម្ផស្សក្រៅទេ រីឯស្នេហាកាលពីដើម គឺជាស្នេហាដែលកើតចេញពីការស៊ើបអង្កេតលើពូជពង្សវង្សត្រកូល យូរ។
- ស្នេហារៀបចំដោយចាស់ទុំមានស្ថិរភាពយូរជាងស្នេហាកសាងដោយគូ ស្នេហ៍ខ្លួនឯង។ ហេតុផលទីមួយ គឺថាចាស់ទុំមានបទពិសោធន៍ច្រើនក្នុងរឿងស្នេហា ដែលអាចជួយជ្រើសរើសគូស្រករល្អសម្រាប់កូនចៅ និងម្យ៉ាងទៀតពួកគេយល់ដឹងពីបញ្ហាសង្គមច្រើន។
- ស្នេហាបង្កើតដោយគូស្នេហ៍ត្រូវបានកសាងឡើងមុនពេលរៀបការជាច្រើន ឆ្នាំពេក ដូច្នេះស្នេហានេះអាចឆាប់នឿយណាយបន្ទាប់ពីរៀបការហើយ។ ចំណែកឯគូស្នេហារៀបចំដោយឪពុកម្ដាយ អាចមានស្ថិរភាពយូរ ពីព្រោះរយៈពេលស្នេហាទើបចាប់ផ្ដើមថ្ងៃរៀបការតែម្ដង។ លោកប៉ុន្តែបានអះអាងថា ” គ្មានការសិក្សាពីអត្រានៃការលែងលះគ្នារវាងស្នេហាខុសគ្នា នេះទេ ប៉ុន្តែខ្ញុំជឿជាក់ថា ស្នេហាតាមរបៀបបុរាណលែងលះគ្នាតិចជាងស្នេហាសម័យទំនើប។
លោកមៀច ប៉ុណ្ណ សព្វថ្ងៃនេះអាយុ៧៨ឆ្នាំ ជាទីប្រឹក្សានៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ជាចុងបញ្ចប់អ្នកនិពន្ធកាសែតរស្មីកម្ពុជាបានបញ្ចប់អត្ថបទដោយមតិថា
អ្វីដែលគេត្រូវប្រយ័ត្ននោះគឺមិនត្រូវធ្វើឲ្យប្រវត្តិនៃអត្រាលែងលះគ្នាដ៏គួរឲ្យខ្លាច នៅប្រទេសអភិវឌ្ឍន៍ចូលមកសណ្ឋិតនៅក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យកុមារជាច្រើនកំព្រាឪពុក ឬម្ដាយ ឬក៏រស់នៅដោយមានឪពុក ឬម្ដាយដែលមិនមែនជាឪពុកម្ដាយបង្កើតរបស់ខ្លួន។ ការស្រាវជ្រាវបង្ហាញកុមារដែលរស់នៅជាមួយទាំងឪពុកនិងម្ដាយបង្កើត របស់ខ្លួន ឆ្លាតជាងកុមារដែលមិនបានរស់នៅជាមួយទាំងឪពុកនិងម្ដាយបង្កើត៕
វិភាគ
- ស្នេហាបច្ចុប្បន្នជាស្នេហាតែសំបកក្រៅ
តើគេសិក្សាប្រមូលដាតាយ៉ាងម៉េចបានដឹងថាអញ្ចឹងហើយស្នេហាចាស់ពីមុនមិនមែន?។ ស្នេហាសម័យថ្មីគូស្នេហ៍ជ្រើសរើសគូស្រករដោយខ្លួនត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ។ មនុស្សពេញវ័យអាចរៀបការបានដោយជ្រើសរើសគូស្រករដោយខ្លួនឯង។ មនុស្សនេះគេធំហើយ គេចេះទទួលខុសត្រូវដោយខ្លួនឯងហើយ។ បើមានបញ្ហាអ្វី គឺត្រូវតែខ្លួនគេហ្នឹងចេះដោះស្រាយ ជាកំហុសរបស់ខ្លួនឯង។
តើចាស់ខ្មែរយើងហ្នឹង ចិញ្ចឹមកូនមិនអោយធំរឺយ៉ាងម៉េច បានជាក្បាលកញ្ចាស់ហើយនៅតែមិនចេះទទួលខុសត្រូវដោយខ្លួនឯងនោះ?
- តើស្នេហាសម័យមុនជាស្នេហាចិត្តនឹងចិត្តរឺ?
ខ្ញុំមិនជឿថាទាំងអស់ រឺក៏ភាគច្រើន នោះទេ។ ស្នេហាបែបសម័យមុន គឺ
ជំហានទី១៖ បុរសពេញចិត្តនឹងស្ត្រីណា បុរសនោះប្រាប់ទៅឪពុកម្តាយខ្លួនអោយចូលស្តីដណ្តឹង រឺ ឪពុកខាងបុរសប្រាប់កូនប្រុសខ្លួនថា គាត់ពេញកូនអ្នកនេះ ឯងចង់បាននាងទេ បើចង់បានគាត់ចូលស្តីអោយ។
ជំហានទី២៖ ឪពុកម្តាយខាងស្រីសង្កេតចរឹតលក្ខណៈខាងប្រុស។ បើគាត់យល់ថាល្អហើយ កូនស្រីត្រូវតែតាម។ ចុះសាម៉ីខ្លួនខាងស្រី?
ហ្នឹងរឺស្នេហាចិត្តនឹងចិត្ត រឺស្នេហាដែលគេនិយាយថាមិនមែនស្នេហាតែសំបកក្រៅនោះ?
ខុសស្រលះ។
អ្នកដែលគាំទ្រទ្រឹស្តីគេចេះតែលើកពីចំនុចល្អតែប៉ុណ្ណោះ តែគេមិនបានគិតពីចំនុចអាក្រក់របស់វាសោះឡើយ។
ជាក់ស្តែង ខាងប្រុសអាចមើលឃើញថាខាងស្រីល្អមែន។ តែពេលខ្លះដោយសារខាងប្រុសសំលឹងឃើញតែទ្រព្យសម្បត្តិខាងស្រី សំលឹងឃើញផលប្រយោជន៍។
បន្ទាប់មកទៀត គ្រាន់តែឪពុកម្តាយប្រាប់ថានឹងដណ្តឹងកូនអ្នកនេះអោយ សាម៉ីខ្លួនក៏ព្រម។ អាហ្នឹងគេហៅថាស្នេហាដែរ? ចំពោះខ្ញុំហ្នឹងហើយដែលគេហៅថាស្នេហ៍តែសំបកក្រៅនោះ។
ខាងស្រីក៏ដូច្នោះដែរ មនុស្សត្រូវប្រឈមមុខនឹងករណីបង្ខំចិត្តរៀបការនឹងប្រុសដែលខ្លួនមិនស្រលាញ់ ប្រគល់ខ្លួនដល់មនុស្សដែលខ្លួនមិនស្រលាញ់។
ចាស់ខ្លះគាត់ឆាប់ភ្លេច អ្វីដែលជាសេចក្តីត្រូវការរបស់គាត់កាលពីក្មេង។
និយាយអញ្ចឹង សប្បាយទេ ការរៀបការដោយបង្ខំសម័យប៉ុលពត?
(ខ្ញុំចង់សួរទៅកាន់អ្នកដែលចូលចិត្តរៀបការ បែបចាប់បង្ខំ)
- ស្នេហាចាស់ទុំស្នេហាយូរអង្វែង? ស្នេហាក្មេងៗស្នេហាអំបែងបែក?
យើងតែសង្កេតឃើញថា កាលពីមុនអត្រាលែងលះមានតិច។ តែប្រាកដរឺថាជាភាគរយលែងលះ? មិនមែនជាចំនួនលែងលះ។ ពីរនេះខុសគ្នា។ ឧទាហរណ៍ មនុស្ស១០០នាក់ មានការលែងលះ១០នាក់។ មនុស្ស១០០០នាក់ មានការលែងលះ ២០នាក់។ ចំនួនលែងលះកើនមែនតែភាគរយរឺអត្រាលែងលះថយចុះ។ ហេតុអ្វីចំនួនលែងលះកើន? ព្រោះចំនួនមនុស្សកើន!!!។
ប៉ុន្តែសន្មតថាអត្រាលែងលះកើនឡើ់ងចុះ។
ប៉ុន្តែសួរថា តើចំនួនលែងលះនៃ អ្នករៀបការដោយចាស់បង្ខំកើន រឺ អ្នករៀបការដោយចិត្តឯងកើន?
មនុស្សពីមុនមិនសូវលែងលះមកពីអ្វី? តើវាអាចមកពីសង្គមកៀបសង្កត់ ទេ។ មកពី ស្ត្រីយល់ថា ត្រូវប្តីធ្វើបាប មិនថ្នាក់ថ្នមនេះ ជារឿងធម្មតា។ តែស្ត្រីសម័យថ្មី គេត្រូវការមនុស្សចេះថ្នាក់ថ្នមចេះយល់ចិត្ត។
អ្នកខ្លះត្រូវទ្រាំរស់ ដូចរស់ក្នុងនរក ទ្រាំអោយប្តីធ្វើបាបមិនលែងលះ។ តើអាពាហ៍ពិពាហ៍បែបនេះ មានន័យអ្វីទៅ។ គេយល់ថា ការលែងលះធ្វើអោយប៉ះពាល់ដល់កូន។ ពិតណាស់វាប៉ះពាល់ដល់កូន តែការមិនយកចិត្តទុក្ខដាក់ពីឪពុកម្តាយ អំពើហឹង្សាក្នុងគ្រួសារ វាប៉ះពាល់ដល់សតិអារម្មណ៍កូនរួចស្រេចទៅហើយ។ កូនៗវារីកវាសប្បាយចិត្តនៅពេលដែលឃើញឪពុកម្តាយរបស់វាចេះស្រលាញ់គ្នា ឃើញឪពុកវាចេះនាំម្តាយវាដើរលេង។ល។ កូនវាមិនសប្បាយចិត្តពេលដឹងថាឪពុកខ្លួនមានស្រី ឪពុកខ្លួនដើរលេងយប់។ វាមិនសប្បាយចិត្តពេលដឹងថា ម្តាយរបស់វាមិនសប្បាយចិត្ត។
តែចំនុចនេះចាស់ដែលមានទស្សនៈចាស់គំរិលបែបនេះ មើលមិនឃើញទេ ព្រោះគេយល់ថាកូនរបស់គាត់ជាអាយ៉ងរបស់គាត់ គ្មានចេះមានអារម្មណ៍ស្អីទេ។
- ដូច្នេះគេគួរធ្វើដូចម្តេច?
ទស្សនៈចាស់គំរិលបែបេនះច្រើនកើតចេញពីការយល់ច្រលំរវាងបញ្ហា (១) ក្មេងឆាប់មានស្នេហា ជាមួយនឹង (២) បញ្ហាជ្រើសរើសគូស្រករដោយខ្លួនឯង។
(១) ក្មេងឆាប់មានស្នេហា មានន័យថា ក្មេងមិនទាន់គ្រប់អាយុពេញវ័យរៀបការ មិនទាន់ចេះគិតវែងឆ្ងាយ រៀនមិនទាន់ចប់ ហើយចេះមានសង្សារ។ អ្នកដែលមានស្នេហានៅវ័យនេះ វាសុទ្ធតែជារឿងមិនគួរ។ ក្មេងពេក ងាយចាញ់បោកគេ។ ក្មេងពេកមិនចេះគិតវែងឆ្ងាយ។
ហេតុដូច្នេះបានជាអនីតិជនត្រូវស្ថិតនៅក្រោមអាណាព្យាបាលរបស់ឪពុកម្តាយ។
(២) ជ្រើសរើសគូស្រករដោយខ្លួនឯង មានន័យថា សាម៉ីខ្លួនមានសិទ្ធិសំរេច ជ្រើសរើស ដោយខ្លួនឯង មិនបាច់ឪពុកម្តាយយល់ព្រមក៏បាន។ ការជ្រើសរើសមនុស្សម្នាក់ ប្រាកដណាស់ច្បាស់ជាមានខុស មានត្រូវ។ តើចាស់រើសអោយនោះត្រូវទាំងអស់រឺ?អ្នកដែលមានទស្សនៈថាចាស់រើសអោយត្រូវទាំងអស់ នោះគឺល្មមភ្ញាក់ខ្លួនហើយ!!!
គេថាចាស់មានបទពិសោធន៍ជាងក្មេង។ ប្រាកដណាស់ប្រាកដជាមានបទពិសោធន៍ច្រើនជាងក្មេង តែក្មេងវាស្គាល់ក្មេងៗគ្នាវាច្រើនជាងចាស់។
ដូច្នេះមនុស្សចាស់ជាឪពុកម្តាយគួរតែមានតួនាទីបង្រៀនកូនចៅអោយចេះជ្រើសរើសគូស្រករ បង្ហាញថាយ៉ាងម៉េចល្អយ៉ាងម៉េចមិនល្អ យ៉ាងនេះថ្ងៃក្រោយទៅវាយ៉ាងណា?។ល។ បើមិនពេញចិត្ត រឺពេញចិត្តអ្នកណាម្នាក់ ឪពុកម្តាយគួរតែត្រឹមតែពន្យល់កូនថាអ្នកនេះមិនល្អត្រង់នេះ ថ្ងៃក្រោយទៅអញ្ចេះ ។ល។ តែឪពុកម្តាយមិនគួរធ្វើអ្វីតាមអត្តនោម័តិខ្លួនឯង គិតថាខ្លួនឯងធ្វើត្រូវរហូតនោះទេ។
មានឪពុកម្តាយខ្លះនោះ នៅពេលដែលកូនទឹកភ្នែក បានត្រឹមតែ
ធ្វើម៉េចបើហួសទៅហើយ
———————————————–