Search

Showing posts with label Life and Society. Show all posts
Showing posts with label Life and Society. Show all posts

ជីវិតរបស់ វ៉ាន់ ស៊ីណា ជ័យលាភីសេរីភាពឆ្នាំ២០០៩

0 comments

(ដកស្រង់ចេញពី ​វិទ្យុអូស្ត្រាលីខេមរភាសា​​ )

2009 Frederick Douglass Award Winner - Sina Vann from Free the Slaves on Vimeo.



មានស្រ្តីនិង កុមារ រាប់ពាន់នាក់បានក្លាយជាជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា ដោយសារអំពើជួញដូរផ្លូវភេទ ប៉ុន្តែគេកម្រឃើញមាន
ជនរងគ្រោះណាហ៊ាន ក្រោកឈរឡើង ដើម្បីវាយប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋនេះវិញ
ណាស់។ ប៉ុន្តែ​អតីតជនរងគ្រោះដោយអំពើ
ជួញដូរផ្លូវភេទម្នាក់ បានក្រោកឈរ វាយប្រយុទ្ធនឹងអំពើជួញដូរផ្លូវភេទនេះវិញ រហូតដល់
ទទួលបានពានរង្វាន់ សេរីភាពឆ្នាំ២០០៩ពីអង្គការអន្តរជាតិមួយនៅក្នុងសហរដ្ឋអាមេរិក។
បច្ចុប្បន្ន​វ៉ាន់ ស៊ីណា អាយុ
២៥ឆ្នាំ វ៉ាន់ ស៊ីណា មើលទៅហាក់ដូចជានារីធម្មតាម្នាក់ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងខុស​ប្លែកពីនារីរាប់លាននាក់ផ្សេងទៀតនោះគឺបទពិសោធន៍ដ៏ឈឺចាប់ដែលនាងបានឆ្លង
កាត់នៅក្នុងអតីតកាលដ៏សែនជូរចត់របស់នាងកាលពីជាង១០ឆ្នាំមុន។


វ៉ាន់ ស៊ីណា ត្រូវគេជួញដូរពីប្រទេសវៀតណាឲ្យមកធ្វើជាទាសករបំរើផ្លូវភេទនៅក្នុង
ប្រទេសកម្ពុជា តាំងពីនាងមានអាយុទើបបាន១៣ឆ្នាំម្ល៉េះ។ វ៉ាន់ ស៊ីណារឺ ហ្វេង ធីប៊ិត ដែលជាឈ្មោះកំនើតរបស់នាងជាភាសាវៀតណាមនោះធ្លាប់ត្រូវមេបនបង្ខំឲ្យទទួល
ភ្លៀវពី២០ទៅ៣០នាក់ ជារៀងរាល់ថ្ងៃ។ដើម្បីរួចផុតពីការវាយដំនិងការឆក់ខ្សែភ្លើង
ពីសំណាក់មេបន ស៊ីណាត្រូវបង្ខំចិត្តញញឹមដាក់ភ្លៀវគ្រប់រូបទាំងក្រសែភ្នែកបង្កប់
ដោយការឈឺចាប់ស្ទើរតែពុំអាចពិពណ៌នាបាន។

អាន​ អត្តបទលំអិតជាភាសាខ្មែរ

(Read more...)

ស្ត្រី​ខ្មែរ​កាន់​តែ​ច្រើន​ហ៊ាន​ដាក់​ពាក្យ​សុំ​លែង​​ស្វាមី

0 comments

(ដកស្រង់ពីវិបផតថលស្តីអំពីស្រ្តី​​women.open.org.kh)
អំពើហិង្សា​ក្នុង​គ្រួសារ​​​ការ​ផិត​ក្បត់​ ការ​មិន​ទទួល​ខុសត្រូវ​​ផ្នែក​​ហិរញ្ញវត្ថុ​ ទម្លាប់​ល្បែង​ស៊ីសង​ និង​ការ​ស្រវឹង​​ស្រា​ គឺ​ជា​ដើម​ចម​នៃ​ការ​សុំ​លែង​លះ​រវាង​ប្ដី​និង​ប្រពន្ធ។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពាក្យ​បណ្ដឹង​សុំ​លែង​លះ​មាន​ការ​កើន​ឡើង​គួរ​ជា​ទី​ព្រួយ​បារម្ភ។ នេះ​ជា​និន្នាការ​​ថ្មី​មួយ​ដែល​មិន​មាន​កើត​ឡើង​​ច្រើន​ទេ​ នៅ​ក្នុង​សង្គម​ខ្មែរ​កាល​ពី​ជិត​កន្លះ​សតវត្សរ៍​មុន។

បើ​ទោះ​បី​ជា​មិន​ទាន់​មាន​របាយការណ៍​ថ្នាក់​ជាតិ​ស្ដី​ពី​តួ​លេខ​នៃ​ការ​សុំ​លែង​លះ​ក៏​ដោយ​ ក៏​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​បញ្ហា​នេះ។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​លីកាដូ​បាន​បង្ហាញ​ថា​ ឆ្នាំ​២០០៧​​ ពាក្យ​បណ្ដឹង​​សុំ​លែងលះ​ដែល​ដាក់​មក​អង្គការ​លីកាដូ​ក្នុង​១៣​ខេត្ត​ក្រុង​មាន​ចំនួន​២៣៨​ករណី។ ចំនួន​នេះ​បាន​កើន​ដល់​ ៣០២​ករណី​ នៅ​​ឆ្នាំ​២០០៨។ រីឯ​សម្រាប់​​៦​ខែ​ដើម​ឆ្នាំ​២០០៩​នេះ​ អង្គការ​លីកាដូ​ទើប​ទទួល​បាន​១២៣​ពាក្យ​បណ្ដឹង​​សុំ​លែង​លះ។ បើ​ទោះ​បី​ជា​តួ​លេខ​ឆ្នាំ​២០០៩​មិន​ទាន់​បង្ហាញ​ពី​កំណើន​បន្ត​ខ្លាំង​ក្លា​ក៏​ដោយ​ ក៏​លោក​ អំ​ សំអាត​ មន្ត្រី​អង្កេត​ជាន់​ចំណុច​​ខុសគ្នា​នៅ​ត្រង់​ថា​ ចំពោះ​ស្ត្រី​បរទេស​បើ​ប្ដី​ហ៊ាន​វ៉ៃ​តែ​ម្ដង​ ពួក​គេ​សុំ​លែង​ភ្លាម ប៉ុន្តែ​សម្រាប់​ស្ត្រី​ខ្មែរ​វិញ​ ថ្វីត្បិត​តែ​ពួក​គេ​ទទួល​រង​ការ​ធ្វើ​បាប​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ​មិន​ចង់​លែងលះ​ដែរ។ ការ​ស៊ូ​ទ្រាំ​​និង​ទុក្ខ​លំបាក​យ៉ាង​នេះ​ គឺ​ដោយ​សារ​ទម្លាប់​និង​ប្រពៃណី​គាប​សង្កត់​មក​លើ​ស្ត្រី​ខ្លាំង​ពេក។ លោក​ស្រី​ មុនី​ បាន​គូស​បញ្ជាក់​ថា​ "ស្ត្រី​ខ្មែរ​មិន​ចង់​រស់នៅ​​ជាស្ត្រី​​មេម៉ាយ​ទេ​ ពីព្រោះ​សង្គម​មាក់ងាយ​ពួក​គេ​ហើយ​ម្យ៉ាងទៀត​ពួកគាត់​មិន​ចង់​ឃើញ​កូន​កំព្រា​ឪពុក​នោះ​ទេ"។ ម្យ៉ាង​វិញ​​ទៀត​ ការ​ផិត​ក្បត់​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​ស្ត្រី​មួយ​ចំនួន​អស់​ចិត្ត​នឹង​ស្វាមី​របស់​​ខ្លួន​ដែរ។
អានបន្ថែម​
(Read more...)

សុភមង្គលគ្រួសារ

0 comments


គ្រួសារ

  • គ្រួសារនីមួយៗតែងតែប្រថ្នាចង់បានភាពសុខដុមរមនារៀងៗខ្លួន​ប៉ុន្តែសុភមង្គលក្នុងគ្រួសារមិនមែនចេះតែរកបានដោយងាយៗនោះទេ។គ្រួសារខ្លះក្រខ្សត់ តែគេបានរស់នៅជួបជុំឪពុកម្តាយនិងកូនដោយមានសុភមង្គលគ្រួសារ​ខ្លះទៀតបែកបាក់ទាំងគ្រួសារគ្មានទាំងទ្រព្យសម្បត្តិគ្មានអ្វីៗគ្រប់យ៉ាង រីឯគ្រួសារមួយចំនួនទៀតមានមាសប្រាក់លុយឡានភូមិគ្រឹះដ៏ធំស្កឹមស្កៃ​មានបរិវារឆ្វេងស្តាំទាសីទាសាគ្រប់បែបយ៉ាងតែគ្មានសុភមង្គលបន្តិចសោះឡើយ។


  • ពាក្យថាគ្រួសារពេញលេញគឺត្រូវមានឪពុកម្តាយនិងកូនរស់នៅជាមួយក្តីស្រលាញ់​ក្តីសន្តោសប្រណីដោយចេះចែករំលែកចេះជួយគ្នាទៅវិញទៅមក។ប្តីត្រូវស្គាល់តួនាទីជាប្តី ប្រពន្ធត្រូវស្គាល់តួនាទីជាប្រពន្ធកូនត្រូវស្គាល់តួនាទីជាកូន។ សមាជិកគ្រួសារគួរចេះគោរពស្រលាញ់គ្នាទៅវិញទៅមក មិនមែនមានន័យថា​ប្តី​ត្រូវខ្លាចប្រពន្ធត្រូវខ្លាចប្តីនោះទេ។ ពាក្យថាខ្លាចគឺខុសពីពាក្យថាគោរពស្រលាញ់។ ប្តីឬប្រពន្ធត្រូវដឹងទុក្ខធុរៈគ្នាទៅវិញទៅមកត្រូវចេះស្វែងយល់ពីអារម្មណ៍គ្នាទៅវិញទៅមក។ លើសពីនេះទៀតការរក្សាភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាគឺជាប្រការសំខាន់នៃសុភមង្គល។

ប្រការគួរចៀសវាង

  • សូមកុំព្យាយាមដើរទៅរកផ្លូវបែកបាក់។ ពិតមែនថាបើយើងមិនអាចនៅចុះសំរុងគ្នាគួរដើរចេញពីគ្នា​តែគួរគិតដល់ជីវិតនិងអនាគតកូនៗផងថាតើអត់ពីយើងទៅ​ តើអោយពួកគេរស់នៅយ៉ាងដូចម្តេចកើត តើជីវិតពួកគេប្រែជាយ៉ាងណាបើឪពុកម្តាយបែកគ្នា។ មុននឹងសំរេចចិត្តថាបែកគ្នាគួររិះគិតពិចារណានិងរំលឹករាល់អនុស្សាវរីយ៍ដែលជូរចត់​កម្សត់កម្រជាមួយគ្នាពីមុនមកដើម្បីផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញ។

  • មិនគួរមើលងាយខាងណាមួយថាអន់ជាងខ្លួន។ ទោះប្តីឬប្រពន្ធមានថានៈបុណ្យសក្តិឬចំនេះវិជ្ជាតូចទាបជាងខ្លួនក៏ដោយមិនគួរ​មើលងាយមើលថោកគ្នាទៅវិញទៅមកទេ។ គួរគិតថាបើយើងសំរេចចិត្តសាងគ្រួសារជាមួយគេហើយគួរណាចេះសន្តោសប្រណីគ្នា។


  • មួយវិញទៀតមិនត្រូវគិតតែពីសាច់ញាតិខ្លួនតែម្ខាងៗ(ខាងប្រុសឬខាងស្រី)។
    ជាធម្មតាទេយើងរាល់គ្នាសុទ្ធតែមានបងប្អូនញាតិសន្តានដែលត្រូវជួយទំនុកបំរុង​និងបីបាច់ថែរក្សាដោយចៀសមិនផុត។យើងស្រលាញ់បងប្អូនយើងគេក៏ស្រលាញ់បងប្អូនគេ​តែមិនគួរយករឿងបងប្អូនមកបង្ករជារឿងឈ្លោះប្រកែកហើយក៏មិនត្រូវធ្វើជា​មនុសត្រចៀកស​ស្តាប់ការចាក់រុកការនិន្ទារឈ្នានីសមុសា ផ្សេងៗពីអ្នកដទៃ​វាប្រៀបបានជាពាក្យថានាំភ្លើងចូលក្នុងផ្ទះអញ្ចឹង។


  • មិនគួរយកលុយដឹកមុខយកលុយជាធំគ្រប់រឿងនោះឡើយ។ លុយវាពិតជាសំខាន់ណាស់តែវាក៏អាចបំផ្លាញសុភមង្គលក្នុងគ្រួសារបាន​បើយើងមិនចេះប្រើប្រាស់វាឲបានត្រឹមត្រូវឬក៏ប្រើប្រាស់វាក្នុងផ្លូវខុស។

សួរថាតើនរណាម្នាក់មិនចង់រស់នៅដោយសប្បាយចិត្ត? អ្នកណាមិនចង់បានគ្រួសារល្អ?តើបើយើងចង់បានហើយវាច្បាស់ថាបានដូចចិត្តទេ?

គេនិយាយថាសាលាថាមិនងាយដូចសាលាអនុវត្តទេ។ យើងអាចនិយាយបានប៉ុណ្ណេះតែបើយើងអនុវត្តបានតែ៦០%​ក៏វាជាការប្រសើរប៉ុនពេកណាស់ទៅហើយ។ អនុវត្តបានប៉ុណ្ណាក៏ដោយអោយតែយើងដឹងទុកក្នុងចិត្ត ក៏វាប្រសើរជាងធ្វើជាមនុស្សមោឃ​មិនដឹងអីសោះ។

មែនវាមិនប្រាកដថាបានដូចចិត្តមែនតែបើយើងព្យាយាមតាំងចិត្តធ្វើអ្វីមួយ ដោយក្តីសង្ឃឹមនិងភាពជឿជាក់នោះលទ្ធផលនឹងមិនក្លាយជាអវិជ្ជមានទាំងស្រុងនោះឡើយ។ ហើយបើយើងម្នាក់ៗតាំងចិត្តថារៀបចំគ្រួសារមួយសំរាប់ខ្លួនឯងហើយគួរណា​ព្យាយាមការពារគ្រួសារមួយនេះឲមានសុភមង្គល។ធ្វើជាប្តីល្អជាប្រពន្ធល្អជាសមាជិកគ្រួសារល្អ និងធ្វើជាគំរូល្អដល់កូនៗនិងអ្នកដទៃ។

ប៉ុន្មានចំនុចខាងលើនេះគ្រាន់តែជាចំនុចខ្លះៗដែលទាក់ទងនឹងសុភមង្គលគ្រួសារ។ ពិតមែនថាវាមិនទាន់បានរៀបរាប់គ្រប់ចំនុចគ្រប់ជ្រុងជ្រោយតែវា​ក៏ជាចំនុចសំខាន់ៗនៃជីវិតគ្រួសារ។សង្ឃឹមថាបើអ្នកសំរេចចិត្តចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់អ្នកហើយ អ្នកនឹងទទួលបាន​គ្រួសារល្អមួយ​ជាគំរូដល់អ្នកផងទាំងពួងជាឪពុកល្អជាម្តាយល្អ។

ពិភាក្សាករណីមួយ៖​មានស្វាមីភរិយាមួយគូមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប្តីមិនសូវមានពេលសំរាប់គ្រួសារមិនសូវមានជជែកលេង ជាមួយកូនប្រពន្ធ មិនសូវបំពេញកាតព្វកិច្ចជាប្តីមិនស្មោះត្រង់នឹងប្រពន្ធនៅពេលដែលគាត់មានពេលសំរាប់គ្រួសារ គឺប្រពន្ធមិនសូវជាសប្បាយចិត្តមិនសូវគោរពគាត់ដូច្នេះបុរសនោះគាត់ក៏ចាប់ផ្តើមរិះគន់ ពីប្រពន្ធរបស់គាត់ថាមិនព្រមធ្វើអ្វីតាមគាត់បញ្ជានិងមិនគោរពគាត់។

មានសំនួរមួយសួរថាហេតុអ្វីក៏ប្រពន្ធត្រូវស្តាប់តាមនិងធ្វើតាមបញ្ជាគាត់?
ចំលើយគឺបុរសគឺជាចៅហ្វាយនាយបរុសជាមេគ្រួសារបុរសជាអ្នកបង្គាប់បញ្ជា។

ចម្លើយខុសទាំងស្រុង!
ដើម្បីឲគេគោរពអ្នកអ្នកគួរតែគោរពស្រលាញ់គេមុនអ្នកត្រូវតែបំពេញតួនាទី ជាស្វាមីជាមេគ្រួសារនិងចេះគិតពីអារម្មណ៍របស់អ្នកដែលនៅជុំវិញខ្លួនផង​ទើបគ្រួសារផ្តល់ភាពកក់ក្តៅឲអ្នកវិញ។បើមិនដូច្នោះទេនេះគេមិនហៅថាគ្រួសារឡើយ។ មានករណីផ្សេងៗទៀតតែមិនអាចរៀបរាប់អស់!
សូមបញ្ជាក់ថាអត្ថបទនេះសរសេរឡើងតាមតថភាពសង្គមខ្មែរមិនមានអំណះអំណាងអ្វី​ច្បាស់លាស់ហើយក៏មិនមែនជាអត្ថបទរបស់អ្នកជំនាញការអ្វីមួយដែរ។ គោលបំណងក្នុងការសរសេរអត្ថបទនេះគឺគ្រាន់តែជាការចែករំលែកមតិយោបល់​និងចំណេះដឹងផ្សេងៗដែលទាក់ទងនឹងជីវិតគ្រួសារក្នុងសង្គមខ្មែរទូទៅប៉ុណ្ណោះ។

អ្នកអាចបញ្ចេញមតិរិះគន់ឬការយល់ឃើញផ្សេងៗដោយសេរី។


(Read more...)

ទស្សនៈទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ

(អត្ថបទផ្សាយបន្តពីទំព័ររបស់លោកលឹមសុវណ្ណវិចិត្រ​​​)

តាម​រយៈ​អត្ថបទ​មួយ​របស់​កាសែត​រស្មីកម្ពុជា ដែល​មាន​ចំនង​ជើង​ថា “ ជីវិត​​អាពាហ៍ពិពាហ៍: នំ​កំពុង​ពង្រីក​ខ្លួន​​ឲ្យ​ធំ​ជាង​​នាទ្បិ” លោក​មៀច​ ប៉ុណ្ណមាន​ប្រសាសន៍​ថា


  • ស្នេហា​របស់​យុវវ័យ​បច្ចុប្បន្ន​គឺ​ជា​ស្នេហា​ដែល​កើត​ចេញ​តាមរយៈ​សម្បក​ ក្រៅ​តែ​ប៉ុណ្ណោះ​​មាន​ន័យ​ថា​​ ពួក​គេ​មើល​គ្នា​តែ​សម្ផស្ស​ក្រៅ​ទេ​ រីឯ​ស្នេហា​កាល​ពី​ដើម​ គឺ​ជា​​ស្នេហា​​ដែល​កើត​ចេញ​ពី​ការ​ស៊ើប​អង្កេត​លើ​ពូជ​ពង្សវង្ស​ត្រកូល​ យូរ។

  • ស្នេហា​រៀបចំ​ដោយ​ចាស់​ទុំ​មាន​ស្ថិរភាព​យូរ​ជាង​ស្នេហា​កសាង​​ដោយ​គូ​​ ស្នេហ៍​ខ្លួន​ឯង។ ហេតុ​ផល​ទី​មួយ​ គឺ​ថា​ចាស់​ទុំ​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​រឿង​​ស្នេហា​ ដែល​អាច​ជួយ​ជ្រើសរើស​គូ​ស្រករ​ល្អ​សម្រាប់​កូន​ចៅ​ និង​ម្យ៉ាង​ទៀត​ពួក​គេ​យល់​ដឹង​ពី​បញ្ហា​សង្គម​ច្រើន។

  • ស្នេហា​បង្កើត​​ដោយ​គូ​ស្នេហ៍​ត្រូវ​បាន​កសាង​ឡើង​មុន​ពេល​រៀបការ​ជា​ច្រើន​ ឆ្នាំ​ពេក ​​ដូច្នេះ​ស្នេហា​នេះ​​អាច​ឆាប់​នឿយណាយ​​បន្ទាប់​ពី​រៀបការ​ហើយ។ ចំណែក​​ឯ​គូ​ស្នេហា​រៀបចំ​ដោយ​ឪពុកម្ដាយ​​ អាច​​មាន​ស្ថិរភាព​យូរ​​​ ពីព្រោះ​រយៈពេល​​ស្នេហា​ទើប​ចាប់​ផ្ដើម​ថ្ងៃ​រៀបការ​តែ​ម្ដង។ លោក​ប៉ុន្តែ​​បាន​អះអាង​ថា​ ​” គ្មាន​​ការ​សិក្សា​ពី​អត្រា​នៃ​ការ​លែង​​លះ​គ្នា​រវាង​ស្នេហា​ខុស​គ្នា​ នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ ស្នេហា​​តាម​របៀប​បុរាណ​លែងលះ​​គ្នា​តិច​ជាង​ស្នេហា​សម័យ​ទំនើប។



លោក​មៀច ប៉ុណ្ណ សព្វថ្ងៃ​នេះ​អាយុ​៧៨​ឆ្នាំ ជា​ទី​ប្រឹក្សា​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។

ជា​ចុង​បញ្ចប់​អ្នក​និពន្ធ​​កាសែតរស្មី​កម្ពុជា​បាន​បញ្ចប់​អត្ថបទ​ដោយ​មតិ​ថា​

​អ្វី​ដែល​គេ​ត្រូវ​ប្រយ័ត្ន​នោះ​​គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រវត្តិ​នៃ​អត្រា​លែងលះ​គ្នា​ដ៏​​គួរ​ឲ្យ​ខ្លាច​ នៅ​ប្រទេស​អភិវឌ្ឍន៍​ចូល​មក​សណ្ឋិត​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​កំព្រា​ឪពុក ឬ​ម្ដាយ​​ ឬ​ក៏​រស់នៅ​ដោយ​មាន​ឪពុក​ ឬ​ម្ដាយ​ដែល​មិនមែន​ជា​ឪពុក​ម្ដាយ​បង្កើត​របស់​ខ្លួន។ ការ​ស្រាវជ្រាវ​បង្ហាញ​កុមារ​ដែល​រស់នៅ​ជាមួយ​ទាំង​ឪពុក​និង​ម្ដាយ​​បង្កើត​ របស់​​ខ្លួន​ ឆ្លាត​ជាង​កុមារ​ដែល​មិន​បាន​រស់នៅ​​ជាមួយ​ទាំង​ឪពុក​និង​ម្ដាយ​បង្កើត៕​

វិភាគ
  • ស្នេហា​បច្ចុប្បន្ន​ជា​ស្នេហា​តែ​សំបក​ក្រៅ

តើ​គេ​សិក្សា​ប្រមូល​ដាតា​យ៉ាង​ម៉េចបាន​ដឹង​ថា​អញ្ចឹង​ហើយ​ស្នេហា​ចាស់​ពី​មុន​មិន​មែន​?។ ស្នេហា​សម័យ​ថ្មី​គូ​ស្នេហ៍​ជ្រើស​រើស​គូ​ស្រករ​ដោយ​ខ្លួនត្រឹម​ត្រូវ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ មនុស្ស​ពេញ​វ័យ​អាចរៀបការ​បាន​ដោយ​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួន​ឯង។ មនុស្ស​នេះ​គេ​ធំ​ហើយ គេ​ចេះ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ហើយ។ បើ​មាន​បញ្ហា​អ្វី គឺ​ត្រូវ​តែ​ខ្លួន​គេ​ហ្នឹង​ចេះ​ដោះ​ស្រាយ ជា​កំហុស​របស់​ខ្លួន​ឯង​។

តើ​ចាស់​ខ្មែរ​យើង​ហ្នឹង ចិញ្ចឹម​កូន​មិន​អោយ​ធំ​រឺ​យ៉ាង​ម៉េច បាន​ជា​ក្បាល​កញ្ចាស់​ហើយ​នៅ​តែមិន​ចេះ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​នោះ?

  • តើ​ស្នេហា​សម័យ​មុន​ជា​ស្នេហា​ចិត្ត​នឹង​ចិត្ត​រឺ​?

ខ្ញុំ​មិន​ជឿ​​ថា​ទាំង​អស់ រឺ​ក៏​ភាគ​ច្រើន នោះ​ទេ។ ស្នេហា​បែប​សម័យ​មុន គឺ
ជំហាន​ទី​១៖ បុរស​ពេញ​ចិត្ត​នឹង​ស្ត្រី​ណា បុរស​នោះ​ប្រាប់​ទៅ​ឪពុក​ម្តាយ​ខ្លួន​អោយ​ចូល​ស្តី​ដណ្តឹង រឺ ឪពុក​ខាង​បុរស​ប្រាប់​កូន​ប្រុស​ខ្លួន​ថា គាត់​ពេញកូន​អ្នក​នេះ ឯង​ចង់​បាន​នាង​ទេ បើ​ចង់​បាន​គាត់​ចូល​ស្តី​អោយ។
ជំហាន​ទី​២៖ ឪពុក​ម្តាយ​ខាង​ស្រី​សង្កេត​ចរឹត​លក្ខណៈ​ខាង​ប្រុស។ បើ​គាត់​យល់​ថា​ល្អ​ហើយ កូន​ស្រី​ត្រូវ​តែ​តាម​។ ចុះ​សាម៉ី​ខ្លួន​ខាង​ស្រី?
ហ្នឹង​រឺ​ស្នេហា​​ចិត្ត​នឹង​ចិត្ត​ រឺ​ស្នេហា​ដែល​គេ​និយាយ​ថា​មិនមែន​ស្នេហា​តែ​សំបក​ក្រៅ​នោះ?
ខុស​ស្រលះ។
អ្នក​ដែល​គាំ​ទ្រ​ទ្រឹស្តី​គេ​ចេះ​តែ​លើក​ពី​ចំនុច​ល្អ​តែ​ប៉ុណ្ណោះ តែ​គេ​មិន​បាន​គិត​ពី​ចំនុច​អាក្រក់​របស់​វា​សោះ​ឡើយ។
ជាក់​ស្តែង ខាង​ប្រុស​អាច​មើល​ឃើញ​ថា​ខាង​ស្រី​ល្អ​មែន។ តែ​ពេល​ខ្លះ​ដោយ​សារ​ខាង​ប្រុស​សំលឹង​ឃើញ​តែ​ទ្រព្យ​សម្បត្តិ​ខាង​ស្រី សំលឹង​ឃើញ​ផល​ប្រយោជន៍។
បន្ទាប់​មក​ទៀត​ គ្រាន់​តែ​ឪពុក​ម្តាយ​ប្រាប់​ថា​នឹង​ដណ្តឹង​កូន​អ្នក​នេះ​អោយ សាម៉ី​ខ្លួន​ក៏​ព្រម។ អាហ្នឹង​គេ​ហៅ​ថា​ស្នេហា​ដែរ? ចំពោះ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​គេ​ហៅថា​ស្នេហ៍​តែ​សំបក​ក្រៅ​នោះ​។
ខាង​ស្រី​ក៏​ដូច្នោះ​ដែរ មនុស្ស​ត្រូវ​ប្រឈម​មុខ​នឹង​ករណី​បង្ខំ​ចិត្ត​រៀបការ​នឹង​ប្រុស​ដែលខ្លួន​មិន​ស្រលាញ់ ប្រគល់​ខ្លួន​ដល់​មនុស្ស​ដែល​ខ្លួន​មិន​ស្រលាញ់។
ចាស់​ខ្លះ​គាត់​ឆាប់​ភ្លេច​ អ្វី​ដែល​ជា​សេចក្តី​ត្រូវ​ការ​របស់​គាត់​កាល​ពី​ក្មេង។

និយាយ​អញ្ចឹង​ សប្បាយ​ទេ ការ​រៀប​ការដោយបង្ខំ​​សម័យ​ប៉ុលពត?


(ខ្ញុំ​ចង់​សួរ​ទៅ​កាន់​អ្នក​ដែល​ចូល​ចិត្ត​រៀបការ​ បែប​ចាប់​បង្ខំ)

  • ស្នេហា​ចាស់​ទុំ​ស្នេហា​យូរ​អង្វែង? ស្នេហា​ក្មេង​ៗ​ស្នេហា​អំបែង​បែក?

យើង​តែ​សង្កេត​ឃើញ​ថា កាល​ពី​មុន​អត្រា​លែង​លះ​មាន​តិច។ តែ​ប្រាកដ​រឺ​ថា​ជា​ភាគ​រយ​លែង​លះ​? មិន​មែន​ជា​ចំនួន​លែង​លះ។ ពីរ​នេះ​ខុស​គ្នា។ ឧទាហរណ៍ មនុស្ស​១០០​នាក់ មាន​ការ​លែង​លះ​១០​នាក់។ មនុស្ស​១០០០​នាក់​ មាន​ការ​លែង​លះ ២០​នាក់។ ចំនួន​លែង​លះ​កើន​មែន​តែ​ភាគរយរឺ​អត្រា​​លែង​លះ​ថយ​ចុះ។ ហេតុអ្វី​ចំនួន​លែង​លះ​កើន​? ព្រោះចំនួន​មនុស្ស​កើន​!!!។
ប៉ុន្តែ​សន្មត​ថាអត្រា​លែង​លះ​កើន​ឡើ់ង​ចុះ។
ប៉ុន្តែ​សួរ​ថា តើចំនួន​លែង​លះ​នៃ អ្នក​​រៀបការ​ដោយ​ចាស់​បង្ខំកើន រឺ​ អ្នក​រៀប​ការ​ដោយ​ចិត្ត​ឯង​កើន​?

មនុស្ស​ពី​មុន​មិន​សូវ​លែង​លះ​មក​ពី​អ្វី? តើ​វា​អាច​​មក​ពី​សង្គម​កៀប​សង្កត់​ ទេ។ មក​ពី​ ស្ត្រី​យល់​ថា ត្រូវ​ប្តី​ធ្វើ​បាប មិន​ថ្នាក់​ថ្នម​នេះ​ ជា​រឿង​ធម្មតា។ តែ​ស្ត្រី​សម័យ​ថ្មី គេ​ត្រូវ​ការ​មនុស្ស​ចេះ​ថ្នាក់​ថ្នមចេះ​យល់​ចិត្ត។
អ្នក​ខ្លះ​ត្រូវ​ទ្រាំ​រស់​ ដូច​រស់​ក្នុង​នរក ទ្រាំ​អោយ​ប្តី​ធ្វើ​បាប​មិន​លែង​លះ។ តើ​អាពាហ៍​ពិពាហ៍​បែប​នេះ មាន​ន័យ​អ្វី​ទៅ។ គេ​យល់​ថា ការ​លែង​លះ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​កូន​។ ពិត​ណាស់​វា​ប៉ះ​ពាល់​ដល់​កូន តែ​ការ​មិន​យក​ចិត្ត​ទុក្ខ​ដាក់​ពី​ឪពុក​ម្តាយ អំពើ​ហឹង្សា​ក្នុង​គ្រួសារ វា​ប៉ះ​ពាល់​ដល់​សតិអារម្មណ៍​កូន​រួច​ស្រេច​ទៅ​ហើយ។ កូន​ៗ​វា​រីក​វា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឃើញ​ឪពុក​ម្តាយ​របស់​វា​ចេះ​ស្រលាញ់​គ្នា ឃើញ​ឪពុក​វា​ចេះ​នាំ​ម្តាយ​វា​ដើរ​លេង។ល។ កូន​វា​មិន​សប្បាយ​ចិត្ត​ពេល​ដឹង​ថា​ឪពុក​ខ្លួន​មាន​ស្រី ឪពុក​ខ្លួន​ដើរ​លេង​យប់។ វា​មិន​សប្បាយ​ចិត្ត​ពេល​ដឹង​ថា ម្តាយ​របស់​វា​មិន​សប្បាយ​ចិត្ត។
តែ​ចំនុច​នេះ​ចាស់​ដែល​មាន​ទស្សនៈ​ចាស់​គំរិលបែប​នេះ មើល​មិន​ឃើញ​ទេ ព្រោះ​គេ​យល់​ថា​កូន​របស់​គាត់​ជា​អាយ៉ង​របស់​គាត់ គ្មាន​ចេះ​មាន​អារម្មណ៍​ស្អី​ទេ។

  • ដូច្នេះ​គេ​គួរ​ធ្វើ​ដូចម្តេច?

ទស្សនៈ​ចាស់​គំរិល​បែប​េនះ​ច្រើន​កើត​ចេញ​ពី​ការ​យល់​ច្រលំ​រវាង​បញ្ហា​ (១) ក្មេង​ឆាប់​មាន​ស្នេហា ជា​មួយនឹង​ (២) បញ្ហា​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួន​ឯង។
(១) ក្មេង​ឆាប់​មាន​ស្នេហា មាន​ន័យ​ថា ក្មេង​មិន​ទាន់​គ្រប់​អាយុពេញ​វ័យ​រៀប​ការ មិន​ទាន់​ចេះ​គិត​វែង​ឆ្ងាយ រៀន​មិន​ទាន់​ចប់ ហើយ​ចេះ​មាន​សង្សារ​។ អ្នក​ដែល​មាន​ស្នេហា​នៅ​វ័យ​នេះ វា​សុទ្ធ​តែ​ជា​រឿង​មិន​គួរ។ ក្មេង​ពេក ងាយ​ចាញ់​បោក​គេ។ ក្មេង​ពេក​មិន​ចេះ​គិត​វែង​ឆ្ងាយ។
ហេតុ​ដូច្នេះ​បាន​ជាអនីតិ​ជន​ត្រូវ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ឪពុក​ម្តាយ។
(២) ជ្រើស​រើស​គូ​ស្រករ​ដោយ​ខ្លួន​ឯង មាន​ន័យ​ថា សាម៉ី​ខ្លួន​មាន​សិទ្ធិ​សំរេច ជ្រើសរើស ដោយ​ខ្លួន​ឯង មិន​បាច់​ឪពុក​ម្តាយ​យល់​ព្រម​ក៏​បាន​។ ការ​ជ្រើសរើស​មនុស្ស​ម្នាក់ ប្រាកដ​ណាស់​ច្បាស់​ជា​មាន​ខុស មាន​ត្រូវ។ តើ​ចាស់​រើស​អោយ​នោះ​ត្រូវ​ទាំង​អស់​រឺ?អ្នក​ដែល​មាន​ទស្សនៈ​ថា​ចាស់​រើស​អោយត្រូវទាំង​អស់​ ​នោះគឺ​ល្មម​ភ្ញាក់​ខ្លួន​ហើយ!!!

គេ​ថា​ចាស់​មាន​បទ​ពិសោធន៍​ជាង​ក្មេង។ ប្រាកដ​ណាស់​ប្រាកដ​ជា​មានបទ​ពិសោធន៍​ច្រើន​ជាង​ក្មេង តែ​ក្មេង​វា​ស្គាល់​ក្មេង​ៗ​គ្នា​វា​ច្រើន​ជាង​ចាស់។

ដូច្នេះ​មនុស្ស​ចាស់​ជា​ឪពុក​ម្តាយ​គួរ​តែ​មាន​តួនាទី​បង្រៀន​កូន​ចៅ​អោយ​ចេះ​ជ្រើសរើស​គូ​ស្រករ បង្ហាញ​ថា​យ៉ាង​ម៉េច​ល្អ​យ៉ាង​ម៉េច​មិន​ល្អ យ៉ាង​នេះ​ថ្ងៃ​ក្រោយ​ទៅ​វា​យ៉ាង​ណា?។ល។ បើ​មិន​ពេញ​ចិត្ត រឺ​ពេញ​ចិត្ត​អ្នក​ណា​ម្នាក់ ឪពុក​ម្តាយ​គួរ​តែ​ត្រឹមតែ​ពន្យល់​កូន​ថា​អ្នក​នេះ​មិន​ល្អ​ត្រង់​នេះ ថ្ងៃ​ក្រោយ​ទៅ​អញ្ចេះ ។ល។ តែ​ឪពុក​ម្តាយ​មិន​គួរ​ធ្វើ​អ្វី​តាម​អត្តនោម័តិ​ខ្លួន​ឯង គិត​ថា​ខ្លួនឯង​ធ្វើត្រូវរហូត​នោះ​ទេ។

មាន​ឪពុក​ម្តាយ​ខ្លះ​នោះ នៅ​ពេល​ដែល​កូន​ទឹក​ភ្នែក បាន​ត្រឹម​តែ

ធ្វើ​ម៉េច​បើ​ហួស​ទៅ​ហើយ


———————————————–


(Read more...)

ប្រវត្តិ​ស្រ្តី​ដែល​ធ្លាក់​ខ្លួន​ប្រកបរបរ​ផ្លូវ​ភេទ

3 comments

(អត្ថបទរបស់វិទ្យុអាស៊ីសេរី)

ស្រ្តី​វ័យ​ក្មេងៗ​មួយចំនួន​បាន​ប្រកប​របររ​កស៊ី​ផ្លូវភេទ​ដោយសារ​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​ឪពុក​ម្តាយ​ចាស់​ជរា ហើយ​ស្ត្រី​ខ្លះ​ទៀត​មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​គេច​បាន។

ស្រី​ណា មាន​រាង​តូច​ច្រឡឹង កម្ពស់​ប្រហែល​ជា​១,៦០​ម៉ែត្រ សម្បុរ​ស្រអែម អាយុ​១៩​ឆ្នាំ ក្នុង​សម្លៀក​បំពាក់​ចាស់ៗ កំពុង​ឈរ​ផង​អង្គុយ​ផង​នៅ​ក្នុង​របង​វត្ត​ភ្នំ ដោយ​ភ្នែក​សម្លឹង​ទៅ​រក​មនុស្ស​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។


នៅ​ពេល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សាកសួរ​ពី​ប្រវត្តិ​របស់​នាង នាង​ស្រក់​ទឹក​ភ្នែក និយាយ​ស្ទើរ​មិន​ចេញ​ថា​នាង​មិន​ចង់​លក់​ខ្លួន​ទេ។

ស្រី​ណា បាន​លើក​យក​ប្រវត្តិ​របស់​នាង​មក​បរិយាយ​ថា ម្តាយ​បង្កើត​របស់​នាង​បាន​ស្លាប់​តាំង​ពី​នាង​នៅ​តូចៗ​មក​ម៉្លេះ បន្ទាប់​មក​ឪពុក​របស់​នាង​ក៏​បាន​យក​ប្រពន្ធ​ចុង​មួយ​ទៀត។ នាង​ត្រូវ​ម្តាយ​ចុង​វាយ​ធ្វើ​បាប​ស្ទើរ​រាល់​ថ្ងៃ ដោយ​ប្រមាថ​ថា ពួក​បង​ប្អូន​នាង​ទាំង​បី​នាក់​មិន​ចេះ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

ស្រី​ណា បាន​ឲ្យ​ដឹង​ថា ៖ «ដល់​កូន​ខាង​ឪ​ខ្ញុំ​គាត់​ធ្វើ​អាក្រក់ គាត់​ធ្វើ​បាប គាត់​វ៉ៃ»។



សោភ័ណ ៖ មូល​ហេតុ​អី​បាន​វ៉ៃ? ស្រី​ណា ៖ ដឹង​អី​គាត់។ ជួន​ណា​ច្របាច់​ក វ៉ៃ​ដំ យក​ជើង​ធាក់​ខ្នង ធាក់​អី។

ស្រី​ណា បាន​ឲ្យ​ដឹង​ថា ពេល​នាង​អាយុ​១៨​ឆ្នាំ​ត្រូវ​ម្តាយ​ចុង​បញ្ជូន​នាង​ឲ្យ​មក​ធ្វើការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជា​អ្នក​រាប់​ពង​ទា​នៅ​ក្នុង​គ្រួសារ​មួយ។ នាង​ថា នាង​ធ្វើការ​នៅ​ទី​នោះ​មិន​ដឹង​ជា​បាន​ប្រាក់​ខែ​ប៉ុន្មាន​ទេ ព្រោះ​ប្រាក់​ខែ​របស់​នាង​ត្រូវ​ម្តាយ​ចុង​មក​បើក​យក​អស់​រាល់​ខែ។

ស្រី​ណា បាន​និយាយ​ថា ៖ «កាល​ហ្នុង​ខ្ញុំ​នៅ​ធ្វើ​ស្រែ​ទេ ប៉ុន្តែ​គាត់​បង្ខំ​ឲ្យ​ខ្ញុំ​ចេញ​មក​ធ្វើការ​នៅ​ភ្នំពេញ។ ខ្ញុំ​ខ្ជិល​ធ្វើការ គាត់​យក​លុយ​ទៅ​អស់​ពេក។ គាត់​មក​បើក​លុយ គាត់​អត់​មាន​ប្រាប់​ខ្ញុំ​ផង»។

ស្រី​ណា បន្ត​ថា ប្រហែល​ជា​៦​ខែ​ក្រោយ​ប្អូន​ស្រី​របស់​នាង​ក៏​ត្រូវ​ម្តាយ​ចុង​បញ្ជូន​ឲ្យ​មក​ធ្វើការ​ក្នុង​ផ្ទះ​រាប់​ពង​ទា​ជាមួយ​នាង​ដែរ ដោយ​ពួក​គេ​ទាំង​ពីរ​នាក់​មិន​ដែល​មាន​លុយ​នៅ​ក្នុង​ហោប៉ៅ​ទេ គឺ​ម្តាយ​ចុង​របស់​ពួក​គេ​មក​បើក​យក​រាល់​ខែ។

ស្រី​ណា និយាយ​ថា ប្រមាណ​បី​ខែ​ក្រោយ​មក​រូប​នាង​និង​ប្អូន​ស្រី​អាយុ​១៧​ឆ្នាំ ខឹង​នឹង​ម្តាយ​ចុង​ពេក ក៏​នាំ​គ្នា​រត់​ចេញ​ពី​ផ្ទះ​រាប់​ពង​ទា​នោះ។ ក្នុង​ពេល​នោះ​ដែរ​មាន​បុរស​ម្នាក់​ស្រឡាញ់​ប្អូន​ស្រី​របស់​នាង​បបួល​ពួក​នាង​ទៅ​ធ្វើការ​ជា​សន្តិសុខ​ជាមួយ ពួក​នាង​ក៏​យល់​ព្រម។

ស្រី​ពៅ អាយុ​១៧​ឆ្នាំ មាន​រូបរាង​ប្រហាក់​ប្រហែល​នឹង​ស្រី​ណា​ដែរ បាន​រៀបរាប់​ថា ពីរ​ខែ​ក្រោយ​មក​ពួក​នាង​ក៏​នាំ​គ្នា​ទៅ​លេង​ម្តាយ​មីង​នៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់​រយៈពេល​ពីរ​ថ្ងៃ ក៏​ត្រឡប់​មក​ធ្វើការ​វិញ ស្រាប់តែ​ប្រធាន​សន្តិសុខ​តម្រូវ​ឲ្យ​ពួក​នាង​បង់​លុយ​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​ដើម្បី​បាន​ធ្វើការ​វិញ។ ពួក​នាង​អត់​មាន​លុយ​គ្រប់​សម្រាប់​បង់​ឲ្យ​គេ​ទេ ព្រោះ​លុយ​ដែល​បើក​ត្រូវ​ជូន​ម្តាយ​មីង​ខ្លះ​ហើយ​ចាយ​វាយ​ក្នុង​ការ​ធ្វើ​ដំណើរ គឺ​សល់​តែ​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

ស្រី​ពៅ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​សុំ​ទៅ​លេង​ផ្ទះ ហើយ​ខ្ញុំ​ដាក់​ក្រដាស​ច្បាប់​ទៅ ក៏​ខាង​ក្រុមហ៊ុន​អត់​បាន​ស៊ីញ៉េ​ឲ្យ ខ្ញុំ​ទៅ​បាត់​ហើយ។ ពេល​ខ្ញុំ​តេ​ទៅ​ផ្ទះ​សុំ​លុយ​មីង​ខ្ញុំ ដាក់​ឲ្យ​ខ្ញុំ​មក ខ្ញុំ​បង់​ចូល​ធ្វើ​ម្ដង​ទៀត គាត់​អត់​ឲ្យ​ទេ»។

ស្រី​ពៅ និយាយ​ថា ដោយសារ​នាង​ត្រូវការ​លុយ​ដើម្បី​ទិញ​បាយ​ហូប នៅ​ពេល​ឮ​ស្ត្រី​ខ្លះ​ដែល​នាង​ស្គាល់​ប្រាប់​ថា ឲ្យ​នាង​មក​រកស៊ី​លក់​ខ្លួន​នៅ​ម្តុំ​វត្ត​ភ្នំ​ទៅ​ពិត​ជា​មាន​លុយ​ទិញ​បាយ​ហូប​ហើយ ឮ​បែប​នេះ​ពួក​នាង​ក៏​នាំ​គ្នា​យួរ​ថង់​ខោ​អាវ​ដែល​មាន​ពីរ​កំប្លេ​សម្រាប់​ប្រើ​នោះ​មក​នៅ​វត្ត​ភ្នំ។

ស្រី​ពៅ បាន​បញ្ជាក់​ថា ៖ «ពេល​ខ្ញុំ​អត់​មាន​លុយ​មាន​អី ហើយ​មាន​គេ​រុញ​ច្រាន​ខ្ញុំ​ថា បើ​ជ្រុល​តែ​ខ្ញុំ​ខូច​ខ្លួន​ហើយ ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ស្រី​ខូច​តាម​វត្ត​ភ្នំ​តែម្ដ​ងទៅ។ គេ​រុញ​ច្រាន​ខ្ញុំ​ច្រើន​ពេក ដោយ​ការ​សម្រេច​ចិត្ត​ខ្លី​របស់​ខ្ញុំ សម្រេច​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​ទៀត»។

ស្រី​ណា បាន​ឲ្យ​ដឹង​ថា ពួក​នាង​បាន​នាំ​គ្នា​មក​លក់​ខ្លួន​រយៈពេល​៦​ខែ​មក​ហើយ ហើយ​ពួក​នាង​រស់​នៅ​ក្នុង​វត្ត​ភ្នំ​នេះ ប៉ុន្តែ​ដោយសារ​នៅ​វត្ត​ភ្នំ​នេះ​មាន​អ្នក​គ្រប់គ្រង គេ​មិន​អនុញ្ញាត​ឲ្យ​ដេក​នៅ​ទី​នេះ​ទេ តែ​ពួក​នាង​នៅតែ​លួច​ដេក​នៅ​ទី​នេះ​ពេល​ថ្ងៃ ហើយ​ពេល​យប់​គឺ​ត្រូវ​អង្គុយ​ចាំ​ភ្ញៀវ​ហៅ​ទៅ​គេង​រហូត​ទល់​ភ្លឺ។

ស្រី​ណា បាន​និយាយ​ថា ៖ «អត់​ដែល​គេង​ផង​យប់​ឡើង ពេល​ថ្ងៃ​អត់ នៅ​លេង​វត្ត​ភ្នំ អត់​មាន​ផ្ទះ។ ពេល​មាន​លុយ​ខ្ញុំ​ទៅ​ដេក​ប៉ៅអ៊ី​នៅ​ផ្សារ​ថ្មី​អ៊ីចឹង​ទៅ ១​យប់​គេ​យក​៣​០០០​រៀល។ ពេល​អត់​ខ្ញុំ​ទ្រាំ​អង្គុយ​ទាល់​ភ្លឺ​ទៅ ទ្រាំ​រហូត​ដល់​ថ្ងៃ​ណា​ខ្ញុំ​មាន​លុយ ជួនកាល​ឆ្លៀត​ងោក​ខ្លះៗ​អ៊ីចឹង​ទៅ។ ទ្រាំ​ទាល់តែ​ថ្ងៃ​មាន​លុយ​ទើប​ខ្ញុំ​ទៅ​ជួល​ប៉ៅអ៊ី​ដេក​ដែរ ពេល​ខ្ញុំ​អត់​លុយ​ខ្ញុំ​សុខ​ចិត្ត​ទ្រាំ ព្រោះ​នៅ​ក្នុង​វត្ត​ភ្នំ គេ​អត់​ឲ្យ​យើង​ដេក​បាន​ទេ វា​ជា​បញ្ជា​ថ្នាក់​លើ​មក គេ​អត់​ឲ្យ​យើង​ដេក​រហេត​រហូត​អ៊ីចឹង​ទេ»។

ពួក​នាង​និយាយ​ថា ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ប្រកប​មុខ​របរ​នេះ ព្រោះ​ជួនកាល​ភ្ញៀវ​បាន​ហៅ​នាង​ទៅ​ឲ្យ​តម្លៃ​១០​ដុល្លារ​ក្នុង​មួយ​យប់ ប៉ុន្តែ​គេ​ឲ្យ​តែ​៥​ដុល្លារ​ក៏​មាន ជួនកាល​អត់​ឲ្យ​លុយ​ក៏​មាន មិន​តែ​ប៉ុណ្ណោះ​ជួនកាល​ពួក​នាង​ត្រូវ​ក្រុម​ប្រុសៗ​៥​នាក់​ទៅ​៧​នាក់​ចាប់​បង្ខំ​ឲ្យ​នាង​គេង​ជាមួយ​ពួក​គេ ៖ «គេ​ធ្វើ​បាប​៧​នាក់ នៅ​ខាង​ត្រើយ​ម្ខាង​ក្បែរ​ច្បារ​អំពៅ។ គេ​ធ្វើ​បាន​សម្រេច​ទាំងអស់ ព្រោះ​គ្នា​គេ​ច្រើន​ពេក ខ្ញុំ​មិន​ដឹង​រត់​ទៅ​ចន្លោះ​ណា​ទេ ព្រោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​គេ។ ភ្ញៀវ​ខ្លះ​ទៀត​ទៅ​ឲ្យ​តម្លៃ​ថ្លៃ ប៉ុន្តែ​អត់​ចង់​ពាក់​ស្រោម​ពេល​រួមភេទ​ទេ គាត់​ថា​មិន​ស្និទ្ធ។ ពេល​ខ្លះ​ទៅ​ដល់​ផ្ទះ​សំណាក់ គាត់​ធ្វើការ​រួមភេទ​អ៊ីចឹង​ទៅ ហើយ​បាន​ពាក់​កណ្ដាល គាត់​ដក​ស្រោម​ហ្នឹង​ចេញ ក៏​អត់​បាន​ដឹង​ដែរ ជួនកាល​មាន​អ៊ីចឹង»។

សូម​ជម្រាប​ថា លោក ទា ផល្លា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​មាន​ការ​កើនឡើង​ជា​លំដាប់។ កាល​ពី​ឆ្នាំ​២០០៧ អ្នក​រកស៊ី​ផ្លូវ​ភេទ​មាន​ចំនួន​១១.០០០​នាក់ នៅ​ឆ្នាំ​២០០៨ មាន​ចំនួន​ជិ​ត​២០.០០០​នាក់ ហើយ​នៅ​ឆ្នាំ​២០០៩ មាន​ចំនួន​ជិត​៣០.០០០​នាក់។

លោក ទា ផល្លា ក៏​បាន​បញ្ជាក់​ទៀត​ថា ស្រ្តី​ដែល​មាន​មុខ​របរ​រកស៊ី​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រព័ន្ធ​មាន​ប្រហែល​២០% ចំណែក​ឯ​ជាង​៨០%​ទៀត​មាន​នៅ​តាម​សេវា​កម្សាន្ត​សប្បាយ ដូច​ជា​ទី​សាធារណៈ ខារ៉ាអូខេ ភោជនីយដ្ឋាន កន្លែង​កាត់​សក់ កន្លែង​ម៉ាស្សា ផ្ទះ​សំណាក់ អូតែល​ជាដើម។ កំណើន​ក្រុម​អ្នក​រកស៊ី​ផ្លូវ​ភេទ​ត្រូវ​បាន​គេ​បន្ទោស​ច្រើន​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​ការ​រក​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រោយ​ពី​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក៕

(សូម​បញ្ជាក់​ថា​ឈ្មោះ​របស់​នារី​រក​ស៊ី​ផ្លូវភេទ​ទាំង​ពីរ​រូប​ខាង​លើ​នេះ គឺ​ជា​ឈ្មោះ​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ដាក់​ឲ្យ)

(Read more...)

Copyright @2009 Neary-Khmer